បច្ចេកទេសក្នុងការដាំដំណាំននោងជ្រុង

78

១.ការត្រៀមដី និងការដាំដុះ

ននោងជ្រុងមានប្រព័ន្ធចាក់ឫសជ្រៅកម្រិតមធ្យម ដូច្នេះចូរភ្ជួរដីជម្រៅប្រមាណ ២០ ទៅ ២៥សង់ទីម៉ែត្រ។ ហាលដីទុកចោល ៧ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុស រួចរាស់ច្របល់ដីឱ្យចូលគ្នា។ បើជាដីស្អិត និងដីខ្សាច់ គួរបន្ថែមចំនួនការដាក់ជីឱ្យបានច្រើនជាងដីប្រភេទផ្សេង និងបើរកឃើញថាដីមានសភាពជាអាស៊ីតច្រើន ចូរដាក់កំបោរស ដើម្បីជួយសម្រួលសភាពដី បន្ទាប់ពីនោះសឹមរាស់ដីកិនឱ្យម៉ដ្ឋល្អិតមុននឹងធ្វើការបណ្ដុះដាំ។

២.វិធីក្នុងការដាំ

ជីករណ្ដៅជម្រៅប្រមាណ ២ ទៅ ៤សង់ទីម៉ែត្រ ដោយទុកចម្ងាយឆ្ងាយពីគ្នា ១.៥ម៉ែត្រ ចម្ងាយពីមួយជួរទៅមួយជួរ ១ម៉ែត្រ។ ទ្រាប់បាតរណ្ដៅដោយជីកំប៉ុសសរីរាង្គប្រមាណ ១ ទៅ ២គីឡូក្រាម ក្នុងមួយរណ្ដៅ រួចទម្លាក់គ្រាប់ពូជចូលទៅ ៤ ទៅ ៥គ្រាប់ ក្នុង មួយរណ្ដៅ (ករណីមិនចាំបាច់បណ្ដុះកូនជាមុន) ឬយកកូនននោងមកដាក់ដាំក្នុងមួយរណ្ដៅ ១ដើម បន្ទាប់មកលុបពីលើដោយដីលាយជាមួយលាមកគោបន្តិច មុននឹងយកចំបើងស្ងួតមកគ្របពីលើមួយជាន់ទៀត។

ក្នុងករណីដាក់ដាំដោយគ្រាប់ បន្ទាប់ពីដាំបាន ១០ ទៅ ១៥ថ្ងៃ គួរដកកូនននោងចេញខ្លះ ដោយទុកឱ្យនៅសល់តែមួយដើមបានហើយ។ ការធ្វើទ្រើង ពេលចូលដល់អំឡុងថ្ងៃទី ១៥-២០ ក្រោយការដាំ គួរធ្វើទ្រើងទុកឱ្យកូនននោងវារឡើង ដោយដោតឈើទ្រើងវែងៗប្រមាណ ២ ទៅ ២.៥ម៉ែត្រ ដាក់ឱ្យមែកទ្រើងប៉ះគ្នា រួចចងផ្នែកខាងចុងទ្រើងចូលគ្នា។

៣.ការថែទាំ
-ការស្រោចទឹក: គួរស្រោចទឹកយ៉ាងជាប់លាប់រៀងរាល់ថ្ងៃ ១ថ្ងៃ ១ដង ឬព្រឹក ល្ងាចក្នុងរដូវក្ដៅ។ ការបង្ហូរទឹកតាមចន្លោះរងគឺជារឿងដែលល្អបំផុត ព្រោះមិនគួរឱ្យដើមននោងខ្វះទឹកក្នុងអំឡុងពេលចេញផ្កា និងក្ដិបជាដាច់ខាត។
-ការដាក់ជី: នៅពេលដើមននោងអាយុបាន ២៥ ទៅ ៣០ថ្ងៃ ចូរជ្រំដីជុំវិញឆ្ងាយពីដើម ១០សង់ទីម៉ែត្រ រួចដាក់ជីកំប៉ុសប្រមាណ មួយក្ដាប់ដៃក្នុងមួយរណ្ដៅ មុននឹងលុបដីទៅវិញ បន្ទាប់ពីនោះចូរដាក់ជីកំប៉ុសសរីរាង្គជុំវិញគល់តាមប្រក្រតីរៀងរាល់ ១០ ទៅ ១៥ថ្ងៃម្ដង។
-ការការពារ និងកម្ចាត់សត្រូវដំណាំ: គួរបាញ់ទឹកថ្នាំឱសថបុរាណដែលត្រាំពីសម្បកស្ដៅ ដើមស្បៃរឿង រៀងរាល់ ៧ថ្ងៃម្ដង ដើម្បីកម្ចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំ។

៤.ការប្រមូលផល

អាយុការប្រមូលផលស្ថិតក្នុងអំឡុងពេលប្រមាណជា ៥០ ទៅ ៦០ថ្ងៃ បន្ទាប់ពីទម្លាក់គ្រាប់ពូជដាក់ដាំ។ គួរជ្រើសរើសប្រមូលផលនៅពេលដែលផ្លែននោងជ្រុងនៅខ្ចី មានប្រវែងប្រមាណជា ១៥ ទៅ ២០សង់ទីម៉ែត្រ ដើម្បីឱ្យសាច់ផ្លែននោងនៅសខ្ចី ទន់ល្មមបរិភោគ។

មិនគួរទុកឱ្យផ្លែចាស់នៅលើដើមឡើយ ព្រោះនឹងកើតមានការដណ្ដើមជីវជាតិអាហាររវាងផ្លែផ្សេងទៀត ធ្វើឱ្យទទួលបានបរិមាណតិច និងផ្លែមិនសូវវែងរលូនល្អ តែក្នុងករណីទុកផ្លែធ្វើពូជអាចបណ្ដោយទុកឱ្យទុំនៅលើដើមបាន មុននឹងបេះយកមកប្រឡេះយកគ្រាប់ពូជទៅហាលថ្ងៃរហូតស្ងួត និងរក្សាទុកសម្រាប់ដាំដុះជាបន្ត៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here