បច្ចេកទេសក្នុងការដាំរមៀត ដើម្បីទទួលបានទិន្នផលល្អ

222

១.លក្ខណៈ​អាកាសធាតុ និង​ដី​

រមៀត​អាច​ដាំ​បាន​នៅ​លើដី​ច្រើន​ប្រភេទ។ យក​ល្អ​ដី​ដែល​ដាំ​ត្រូវជា​ដី​ធូរ ដីល្បាយខ្សាច់ ដីល្បាប់​ជា​ប្រភេទ ​ដី​មិន​លិច​ទឹក។ ទីកន្លែង​ដាំ​រមៀត​ត្រូវ​ជិត​ប្រភព​ផ្ដល់​ទឹក​សំរាប់​ស្រោច​គ្រប់គ្រាន់ និង​មិន​ឲ្យ​ជោរ​ទឹក​ផង។ រមៀត​អាច​ដុះ​លូតលាស់​ក្នុង​ម្លប់ និង​ក្រោម​ពន្លឺ​ថ្ងៃ​ក៏បាន។​

២.វិធីក្នុងការ​ដាំ​
​រមៀត​ជា​ដំណាំ​ដែល​បន្ត​ពូជ​ដោយ​មើម គេ​អាច​ដាំ​ដោយ​ប្រើ​ក្បាល​រមៀត ឬ​ប្រើ​ខ្នែង​មើម​រមៀត​ក៏បាន​ដូចគ្នា។ ក្នុង​ការដាំគេ​ត្រូវ​កាប់​ជ្រោយ​ដី​ឲ្យ​ផុស​ល្អ ឬ​លើក​ជា​រង​ដាំ​ក៏បាន។ ភាគច្រើន​គេ​ដាំ​ចំរុះ​ជាមួយ​ដំណាំ​ផ្សេងៗ នៅ​ពីក្រោម ដំណាំ​ដែល​ត្រូវការ​ពន្លឺ។​​

៣.ពេលវេលាក្នុងការ​ដាំ​

ពេលវេលា​ដាំ​ដែល​ល្អ គឺ​ចាប់ពី​ខែឧសភា ដល់​ខែកក្កដា។ ក្រោយពេល​ដាំ​ត្រូវ​ថែទាំ​ស្រោច​ទឹក​រយៈពេល ១៥​ថ្ងៃ ។ មើម​រមៀត​នឹង​ចាប់ផ្ដើម​ដុះ​ចេញ​ខ្នែង​ថ្មី​មួយខែ​ក្រោយ​ដាំ។​

៤.ការប្រមូល​ផល​

មើម​រមៀត​លូតលាស់​លឿន​ក្នុង​រយៈពេល ៤​ខែ។ មើម​របស់​វា​នឹង​រីក​ធំ​ល្អ​ចាប់ពី​អាយុ ​៧ ទៅ ៩ខែ ក្រោយ​ពេល​ដាំ។ ប៉ុន្តែ​យក​ល្អ​គេ​ប្រមូល​ផល​នៅពេល​អស់​ទឹកភ្លៀង​ចុងឆ្នាំ ចាប់ពី​ខែធ្នូ ដល់​ខែកុម្ភៈ ជា​បន្តបន្ទាប់។​

សរុបមក​រមៀតជា​ដំណាំ​គ្រឿងទេស​មួយ​ប្រភេទ ​ដែលមាន​លក្ខណៈ​សមស្រប​ល្អ​ងាយស្រួល​ក្នុង​ការដាំ និង​មាន​ផលប្រយោជន៍ជា​ច្រើន​ដូចជា​៖

-មិនសូវ​រើស​ដី អាច​ដាំ​បាន​នៅលើ​ដី​ច្រើន​ប្រភេទ​

-វា​អាច​ដុះ​លូតលាស់​នៅក្នុង​ម្លប់ និង​ក្រោម​ពន្លឺ​ថ្ងៃ​ក៏បាន ដែលជា​លក្ខណៈ​ងាយស្រួល​ឲ្យ​យើង​ដាំ​ចំរុះ​ជាមួយ​ដំណាំ​ផ្សេងទៀត​នៅក្នុង​សួន​

-មិន​ទាមទារ​ការថែទាំ​ច្រើន​

-មានផល​ប្រយោជន៍​ច្រើន​មុខ អាច​ប្រើ​ជា​គ្រឿងផ្សំ​សម្រាប់ធ្វើម្ហូប​បរិភោគ ធ្វើជា​ថ្នាំ​សំរាប់​ព្យាបាល​រោគ​មនុស្ស និង​សត្វផងដែរ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here