បច្ចេកទេសក្នុងការដាំដំណាំខ្ជាយ

28

-ដំណាំ​ខ្ជាយត្រូវ​ដាំ​ក្រោយពេល​ស្ទូង​រួច ហើយ​វា​ក៏​ជា​ប្រភេទ​ដំណាំ​ងាយ​ដាំ ងាយ​ថែទាំ ហើយ​រហ័ស​ប្រមូល​ផល​

-មុន​ដាំ​ខ្ជាយ ត្រូវ​រើស​រក​កន្លែង​ដី​ស្ងួត កុំ​ឲ្យ​ដក់​ទឹក ឬ​ជាំ​ទឹក ត្រូវ​លើកជា​រង​សម្រាប់​ដាំ​

-ដី​ត្រូវ​ភ្ជួរ ឬ​កាប់​ដីឲ្យ​បាន​ជម្រៅចាប់ពី ​២ ​ទៅ ​៣​តឹក រួច​បំបែក​ដី​ឲ្យ​ម៉ត់​ល្អ ពង្រាបដីឲ្យ​មាន​ខ្យល់ ចេញចូល ឬ​ហៅថា​ដី​ធូរ ដើម្បី​ឲ្យ​ដើមបែក​ច្រើន ហើយ​ក្នុង​ដើម​នីមួយៗនឹង​ផ្ដល់​មើម​ច្រើន​

-ត្រូវ​លើក​ជា​រងឲ្យ​បាន​កម្ពស់ ​៣​តឹក កាយ​យក​ក្បាល​រងទទឹង ​១​ម៉ែត្រ បណ្ដោយ​តាម​ទំហំ​ដី ដែល​អាច​ដាំ​បាន​។

-ប្រសិនបើ​ចង់ទុក​ឲ្យ​វា​ផ្ដល់​ផល​បានយូរ​ខែ ត្រូវយក​មើម​ដែល​ចាស់ទៅ​បណ្ដុះ ​រួច​ដកយក​កូន​ទៅ​ដាំ

-​ការដាំ​កូន ត្រូវ​ទុក​គម្លាតពី​ដើម​មួយ​ទៅមួយចម្ងាយ ​៣​តឹក ដើម្បី​ឲ្យ​វា​បែក​គុម្ពច្រើន ហើយ​វា​នឹង​ផ្ដល់​មើម​ក៏​ច្រើន​ដែរ តាម​ដើម​នីមួយៗ

-ការថែទាំ​ដំណាំ​ខ្ជាយចាំបាច់​ត្រូវ​ថែម​ជី នៅពេល​ដាំ​វាបាន ​២ ​ទៅ ​៣​ខែ ជា​ពេលវា​កំពុង​បែក​គុម្ព និង​ជា​ពេលដែល​វា​នឹងបែក​មើម​ច្រើន​

-ការថែទាំង​បោចស្មៅ និង​ជ្រំដី ហើយ​ពូន​គល់​វា ដើម្បី​ឲ្យ​ដី​ធូរ ជាការ​ថែទាំ​ដែល​ត្រូវ​ប្រយ័ត្នកុំ​ឲ្យ​ប៉ះ​គល់ក្រោម​ស្លឹក ព្រោះ​វា​ជា​ដំណាំ​មើម​

-ការថែទាំ​មួយទៀត កុំ​ឲ្យ​ជ្រូកឈ្មុល​រង និង​គោ​ស៊ី​ស្លឹក​វា

-ខ្ជាយ​ជា​មើម ដែល​សត្វល្អិត​មិន​យាយី​ទេ វា​ក៏​ជា​វត្ថុធាតុដើម​មួយ​ប្រភេទ​សម្រាប់​ផ្សាំ​ថ្នាំ​បំពុល សត្វល្អិត ដូច​ស្លឹកគ្រៃ ស្ដៅ ស្លែង បណ្ដូល​ពេជ្រ ជាដើមផងដែរ​ដែរ ដែល​សត្វល្អិត មិនអាច​បំផ្លាញ​វា​ឡើយ។

-ចំពោះ​ការប្រមូល​ផល​ខ្ជាយ គេ​សំគាល់នៅពេល​ស្លឹក​វា​ទុំ ហើយ​ស្វិត គឺ​មើម​ខ្ជាយ​វាចា​ស់ គេ​អាច ប្រមូល​ផល​វា​ទុក​បាន​។

-ឯកសារ​ស្ដីពី​ដំណាំ​កសិកម្ម​បានឲ្យ​ដឹងថា ខ្ជាយ​ដុះ​លូតលាស់​បាន​ប្រសើរក្នុង​កម្រិត​ទឹកភ្លៀងកម្ពស់ ពី ១០០០ ទៅ ១៥០០​មី​លី​ម៉ែត្រ​

-ប៉ុន្តែ​ដំណាំ​ខ្ជាយ​ត្រូវការ​ពន្លឺ​ថ្ងៃ​ខ្លី ដើម្បី​ឲ្យ​មើម​ខ្ជាយវា​រីក​ធំធាត់ និង​ផ្ដល់​ទម្ងន់​ធ្ងន់

-ទិន្នផល​មើម​អាច​ទាប នៅពេលដែល​ពន្លឺ​ថ្ងៃចាំង​មកលើ​រងមាន​រយៈពេល​យូរពេក គឺ​លើស ១២​ម៉ោង​ក្នុង​មួយថ្ងៃ​

 

-ឯកសារ​ដដែល​បញ្ជាក់​ថា ដំណាំ​មើម​ភាគច្រើន​មិនសូវ​រើស​ដី​ទេ ប៉ុន្តែ​ដី​អាច​ដាំ​បានល្អ​ជាងគេ គឺ​ដីល្បាយខ្សាច់ ជា​ដី​ធូរ ហើយ​ស្រោះទឹក និង​មាន​ជីរ​ជាតិ​

-បើ​ដាំ​នៅ​តំបន់​ដីឥដ្ឋ ដំណាំ​មើមពុំ​សូវ​ឲ្យ​ផល​ខ្ពស់​ទេ ព្រោះ​ដី​ដាំ​នោះវា​ណែន​ពេក មើមមិនអាចរីក​ធំ​បាន​ដូច​ដី​ធូរ ឬ​ដីខ្សាច់​ឡើយ​។

-មើម​ខ្ជាយ​អាច​ជីក​យកទៅ​បរិភោគបាន ចាប់​តាំង​មើម​វា​នៅ​ខ្ចីរហូតដល់​មើម​វាចា​ស់

-មើម​ខ្ជាយ​នេះ បើ​​គេមិន​ចង់​ប្រមូល​វាពី​ដី​ទេ គេ​អាច​កប់​វា​នៅក្នុង​ដី​នេះបាន​រយៈពេល ១​ឆ្នាំ ​ក៏​វាមិន​ខូច​ដែរ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here