នំផ្កាស្នោ

209

-ផ្កាស្នោ: SESBANIA FLOWER
-ឈ្មោះវិទ្យាសាស្ត្រ Sesbania javanica Miq.
នៅខ្មែរជារុក្ខជាតិដុះតាមវាលស្រែ ឬបឹងតាមធម្មជាតិដែលធម្មតាចេញផ្កាពីខែកក្កដា ដល់ខែតុលា ។ តែបច្ចុប្បន្ន គេសង្កេតឃើញមានលក់នៅទីផ្សាធំៗស្ទើរតែគ្រប់ពេលគ្រាន់តែតិច ឬច្រើនតាមរដូវ ។ ខ្មែរយើងនិយមយកមកបរិភោគជាបន្លែល្បោយ អន្លក់ ជ្រក់ជាដើមដែលតាមពិតគេអាចយកមកប្រកបមុខម្ហូបបានជាច្រើនយ៉ាង ដូចជាចៀនពងទា បំពងម្សៅ ស្លរម្ជូរ ញ៉ាំ និងធ្វើនំផ្កាស្នោដ៏ឈ្ងុយឆ្ងាញ់ ( គឺជានំបុរាណ ដែលមិនសូវមានអ្នកស្គាល់ )។


-ផ្កាស្នោ ជាបន្លែធម្មជាតិគ្មានសារធាតុគីមីមានប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំងដោយហេតុថា ផ្កាស្នោ បរិបូណ៌ទៅដោយ Vit B1 B2 B3 Vit C Carbohydrate Proteine , Fiber , VitA , Calcium , ដែក , Phosphorus…។ល។


ការបរិភោគផ្កាស្នោរ អាចការពារជំងឺមហារីក , ជំនួយភ្នែក , បណ្តេញសារធាតុពុល ទល់លាមក , ជួយឆ្អឹង សម្រកខ្លាញ់ …។ល។


+ វិធីធ្វើនំផ្កាស្នោ
– ម្សៅខ្សាយ ១ពែង
– ផ្កាស្នោ ២ពែង
– ស្ករស ២ពែង


– ក្បាលខ្ទិះ លាយស្ករ និងអំបិលបន្តិច កន្លះពែង
– ដូងទុំស្ទើរ កោសដៃ ១ពែង
– អំបិល ១/២ ស្លាបព្រាកាហ្វេ
– ស្លឹកតើយ ៣ សន្លឹក


ប្រឡេះផ្កាស្នោចេញពីទង លាងសម្រស់ទឹក រួចចាក់ដាក់ចានធំល្មម យកក្បាលខ្ទិះដែលលាយស្ករអំបិល រលាស់ លើផ្កាស្នោ យកម្សៅខ្សាយ រោយដាក់បន្តិចម្តង ឆ្លាស់ជាមួយក្បាលខ្ទិះច្របល់ឲ្យសព្វ ( ពេលលាយនេះ ត្រូវដាំទឹក ឡាំងសឹងទុកឲ្យហើយ ) ល្មមម្សៅជាប់ផ្កាស្នោល្អ ។ យកស្បៃក្រាលឡាំងសឹង រួចចាក់ផ្កាស្នោរដែលច្របល់ខ្ទិះនិងម្សៅចូលដាក់ស្លឹកតើយ រួចចំហុយប្រមាណ២០នាទី (ពេលចំហុយបាន១0 នាទី បើកគំរបដាក់ដូងកោសចូលពីលើរួចចំហុយ ១០នាទី ទៀត )។ រួច ដួសនំផ្កាស្នោ ដាក់ចាន រោយស្ករសពីលើជាការស្រេច ដែលយើងនឹងបាននំផ្កាស្នោដ៏ឈ្ងុយឆ្ងាញ់និងមានប្រយោជន៍ ដល់សុខភាព ៕


រៀបរៀងដោយ ផ្កាយ និស្ស័យ ឯកសារ អះអាង អាហារជាថ្នាំ
ប្រភពៈ The Memories

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here