ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកអាចប្រឈមមុខនឹងបញ្ហាទាំង១៤នេះ

17-May-2018 06:41 PM

រូបភាព


ដោយ: Uddam

តើ​​មាន​បញ្ហា​អ្វី​ខ្លះ​កើត​មាន​​ឡើង​នៅ​ពេល​​ដែល​អ្នក​គេង​មិន​បានគ្រប់គ្រាន់? ខាងក្រោមនេះនឹងបង្ហាញបញ្ហាទាំងអស់ ដែលអ្នកគួរតែយកចិត្តទុកដាក់។

 

១.ឆាប់​ខឹង
​ការ​ឆាប់​ខឹង​ត្រូវ​បាន​គេ​រក​ឃើញ​ថា ក៏​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ការ​គេង​មិនគ្រប់គ្រាន់​​ផង​ដែរ។  សកម្មភាព​នេះ​កើត​មាន​ដូច​ជា​ នៅ​ពេល​ដែល​កំពុង​ធ្វើ​ការឬការ​និយាយ​ពាក្យ​គំរោះគំរើយ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​ជា​ដើម។

 

២.ឈឺក្បាល
នេះ​ជា​រឿង​មួយ​ដែល​អ្នក​មិន​អាច​បដិសេធ ព្រោះ​ថា​អាការៈ​ឈឺក្បាល​នឹង​កើត​មាន​នៅ​ពេល​ដែល អ្នក​គេង​មិន​គ្រប់គ្រាន់។ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​ធ្វើ​ឲ្យ​អ្នក​វិលមុខ ​អាច​ក្អួត​ចង្អោរ និងទទួល​ទាន​អាហារ​មិន​បាន​​ទៀត​ផង។

 

៣.ឡើង​ទម្ងន់
មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់ឬកាត់​បន្ថយ​ការ​ទទួល​ទាន​ដំណេក​ជា​ដើម​។ ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​ភ្លេច​គិត​ថា ការ​ទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់​ក៏​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ផង​ដែរ។

 

៤.មិន​សូវ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ
គេង​មិន​គ្រប់គ្រាន់​វា​ទាក់ទង​ទៅ​នឹង​បញ្ហា​មួយ​ទៀត​នោះ ​គឺ​ធ្វើ​ឲ្យ​សមត្ថភាព​នៃ​គារ​គិត​នៅ​ពេល​ខាងមុខ​មិន​សូវ​បាន​វែង​ឆ្ងាយ។ សូម​ចាំ​ថាបើ​​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វេជ្ជសាស្ត្រ​អង់គ្លេស ដរាបណា​អ្នក​គេង​កាន់តែ​តិច ផលប៉ះពាល់​ដល់​​សមត្ថភាព​ខួរក្បាល​កើត​មាន​កាន់តែ​ច្រើន​ទៅ​តាម​នោះ​ដែរ។ ​

 

៥.ប្រឈមនឹងជំងឺ​បេះដូង
អ្នក​វិទ្យាសាស្ត្រ​បាន​ពិសោធន៍​ឲ្យ​មនុស្ស​​ជា​ច្រើន​មិន​ចូល​គេង​អស់​រយៈ​ពេល ៨៨​ម៉ោង ទី​បំផុត​បាន​រក​ឃើញ​ថា សំពាធឈាម​កាន់តែ​កើន​​ឡើង​ខុស​ប្រក្រតី​តែម្ដង ហើយ​នោះ​គឺ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​ជំងឺ​បេះដូង។

៦.យឺតយ៉ាវ​​​ច្រើន
សកម្មភាព​មួយ​​របស់​អ្នក​គេង​មិន​ឆ្អែត​ គឺ​ថា​ធ្វើ​ការ​អ្វី​មិន​សូវ​សកម្មភាព យឺតយ៉ាវ​ច្រើន​​ ឬ មិន​សូវ​ស្ទុះស្ទា​ដូច​អ្នក​ដែល​គេង​ឆ្អែត​នោះ​ឡើយ។ អ្វី​ដែល​គេ​រក​ឃើញ​ទន្ទឹម​នឹង​នេះ​ទៀត​នោះ​ គឺ​ថាអ្នក​ដែល​គេង​មិន​ឆ្អែត​គិត​ស្ទក់ៗ មិន​សូវ​រហ័ស ហើយ​អ្នក​ដែល​គេង​ឆ្អែត​គិត​បាន​លឿន​ជាង​អ្នក​មិន​គេង​ឆ្អែត​ចំនួន ​២ដង។

៧.នោម​​ញឹកញាប់​ជាង​​ប្រក្រតី
នៅ​ពេល​ដែល​អ្នក​គេង​លក់​ ការ​ផលិត​ទឹកនោម​បាន​ថយ​ចុះ​ ហើយ​លោក​អ្នក​អាច​នោម​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​ពី ​៥ ទៅ ៦​ម៉ោង។ ប៉ុន្តែ​បើ​អ្នក​គេង​មិន​លក់​វិញ​នោះ​អ្នក​នឹង​នោម​ញាប់​ជាង​ប្រក្រតី ព្រោះ​ថា​សមត្ថភាព​ផលិត​ទឹកនោម​នឹង​ធ្វើ​ការ​ច្រើន​នៅ​ពេល​គេង​មិន​​ឆ្អែត។

 

៨.បាត់បង់​ការ​យក​ចិត្ត​ទុកដាក់
ការ​យកចិត្តទុកដាក់​ដូច​ជា ស្ដាប់​ការ​ពន្យល់​របស់​អ្នកណាម្នាក់ ធ្វើ​កិច្ចការ​ផ្សេងៗ នឹង​បាត់បង់​បន្តិច​ម្តងៗ។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ្លឹកៗ ឬអារម្មណ៍​មិន​មូល​គិត​ផ្ដេសផ្ដាស​មិន​ច្បាស់​ការ។ ​

 

៩.ឧស្សាហ​មាន​ជំងឺ​ផ្ដាសាយ​ច្រើន
ការ​ស្រាវជ្រាវ​បាន​​ធ្វើ​ពិសោធន៍​​លើ​មនុស្ស ១៥៣នាក់ ​ដែល​មិន​អនុញ្ញាត​ឲ្យ​គេង​គ្រប់គ្រាន់។ ក្រោយ​មក​គេ​រក​ឃើញ​ថា អ្នក​ទាំង​នេះ​បាន​ជួប​បញ្ហា​ជំងឺ​ផ្ដាសាយ​ជាង​​អ្នក​ដែល​គេង​គ្រប់គ្រាន់​ចាប់​ពី​ ៧​ម៉ោង​ឡើង​ទៅ។ បញ្ហា​នេះ​កើត​នៅ​​ពេល​មាន​អាកាសធាតុ​ប្រែប្រួល​ញឹកញាប់។

 

១០.មាន​បញ្ហា​ជំងឺ​ក្រពះ​ពោះវៀន
គេ​បាន​រក​ឃើញ​ថា ប្រជាជន​អាមេរិក​ពី ១០ ទៅ ១៥ភាគរយ ដែល​បាន​ជួប​បញ្ហា​ជំងឺ​ក្រពះ​ និងពោះវៀន ​​​បណ្ដាល​មក​ពី​ការ​គេង​មិន​ឆ្អែត។

 

១១.ឈឺចុក​រោយ​ច្រើន
តាម​ការ​ស្រាវជ្រាវ​មុនៗ​បាន​បង្ហាញ​ថា ​អាការៈ​ចុក​រោយ​អាច​បណ្ដាល​មក​ពី​បញ្ហា​ទទួល​ទាន​អាហារ​ខ្វះ​ជីវជាតិឬកង្វះ​ការ​ហាត់ប្រាណ​ជា​ដើម។ តែ​ការ​ស្រាវជ្រាវ​ចុងក្រោយ​បាន​បញ្ជាក់​​ថា អាការៈ​ចុក ​ក៏​បណ្ដាល​មក​ពី​គេង​មិន​​គ្រប់គ្រាន់​ដែរ។ បញ្ហា​នៅ​ត្រង់​ថា ពួកគេ​មិន​បាន​ដាក់​ទម្រេត​ខ្នង រាងកាយ​របស់​ពួកគេ​​ឲ្យ​បាន​សម្រាក​គ្រប់គ្រាន់។

 

១២.កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម
​ការ​ឆាប់​ក្រោក​​នៅ​ពេល​ដែល​រាងកាយ​កំពុង​ត្រូវការ​សម្រាក​នឹង​ធ្វើ​ឲ្យ​​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ខុស​ប្រក្រតី ជា​ពិសេស​ប្រព័ន្ធ​គ្រប់គ្រង​ទឹកនោម​ដំណើរ​ការ​មិន​ទៀងទាត់ នាំ​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម។

 

១៣.សមត្ថភាព​ចងចាំ​ធ្លាក់​ចុះ
មនុស្ស​ត្រូវ​ការ​គេង ​ដើម្បី​កម្ចាត់​ចោល​​រាល់​សមាសធាតុ​ផ្សេងៗ ​ដែល​​​មាន​នៅ​ក្នុង​ខ្លួន ហើយ​ជំនួស​មក​វិញ​នូវ​សមាសធាតុ​ថ្មី​​ឡើង​វិញ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​​គេង​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​អសកម្ម​ដល់​សកម្មភាព​​ប្រព័ន្ធ​ខួរក្បាល​ដំណើរ​ការ​មិន​បាន​ល្អ​​​​ ហើយ​នៅ​ពេល​នោះ​​អង្គ​ចង់​ចាំ​​នៅ​ក្នុង​ខួរក្បាល​គឺ​ធ្លាក់​ចុះ​នេះ​ឯង។

 

១៤.ធ្វើ​​ឲ្យ​ស្តេ្រស និងទុក្ខព្រួយ​ច្រើន
នេះ​ជា​ចំណុច​មួយ​ដែល​អ្នក​មិន​អាច​ប្រកែក​បាន ព្រោះ​ថា អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់​មិន​ត្រឹមតែ​ខឹង​ច្រើន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មនុស្ស​ដែល​មាន​ទុក្ខព្រួយ​ច្រើន និងមាន​​អារម្មណ៍​តានតឹង​ច្រើន​ទៀត​​​ផង។

 

ជា​ទូទៅ​​អ្នក​ត្រូវ​គេង​ឲ្យ​បាន​ពី ៧​ ទៅ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។

 

សម្រួលអត្ថបទដោយ៖ កូនពៅ