ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ទម្លាប់អាក្រក់ទាំង៧យ៉ាង ធ្វើឱ្យឆ្អឹងខ្នងកោងខូចដោយមិនដឹងខ្លួន?

09-May-2018 09:41 AM

រូបភាព


ដោយ: Uddam

យោង​តាម​ការ​សិក្សា​ជា​ច្រើន​ពី​អ្នក​ជំងឺ​ដែល​ទទួល​រង​បញ្ហា​ឆ្អឹង​ខ្នង​ ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​បាន​បំផ្លាញ​សរីរាង្គ​មួយ​នេះ​ឱ្យ​ទៅ​ជា​កោង​ខូច និង​បង្ក​គ្រោះ​ថ្នាក់​ដល់​រាងកាយ​បាន តែ​មនុស្ស​មិន​បាន​ចាប់អារម្មណ៍​ឡើយ។ ដូច្នេះ​បើ​អ្នក​ធ្លាប់​មាន​បញ្ហា​ឈឺ​ឆ្អឹង​ខ្នង គួរ​ក្រឡេក​ទៅ​មើល​ថា​ រាល់​ថ្ងៃ​មាន​បាន​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ​ដែរ​ឬ​ទេ? បើ​មាន គួរ​បញ្ឈប់​វា​ជា​បន្ទាន់ ជៀស​វាង​យឺត​ពេល​!

១-លើក​របស់​ធ្ងន់ៗ៖រ​លើក​របស់​ធ្ងន់ៗ ទោះ​បី​មួយ​ភ្លែត​ក៏​ដោយ​អាច​បណ្ដាល​ឱ្យ​ឆ្អឹង​ខ្នង​មាន​បញ្ហា​ ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​វិធី​លើក​វា​ឱ្យ​បាន​ត្រឹម​ត្រូវ​។ ការ​ឱន​ដែល​ខុស​ប្រក្រតី​នឹង​ធ្វើ​ឱ្យ​ឆ្អឹង​នៅ​ត្រង់​ខ្នង​ទៅ​ជា​ឈឺ​។

២-កាយវិការ​ខុស​ប្រក្រតី៖មិន​ថា​អង្គុយ​នៅ​តុ​ធ្វើ​ការ មើល​ទូរទស្សន៍ ឬ​ធ្វើ​អ្វី​ផ្សេង​ទេ ត្រូវ​ប្រាកដ​ថា​អ្នក​មាន​ឥរិយាបថ​ត្រឹម​ត្រូវ មិន​ដូច្នោះ​ទេ អ្នក​នឹង​មាន​អារម្មណ៍​ថា​ចុក​ខ្នង​ចុក​ចង្កេះ​ ដែល​យូរ​ៗ​ទៅ នឹង​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​មិន​ខាន។

៣-គេង​លើ​ពូក​ទន់​ពេក៖ការ​គេង​លើ​ពូន​ទន់​ល្មើយ​គឺ​ជា​ក្ដី​សុខ​សម្រាប់​ដំណេក​​ ប៉ុន្តែ​បើ​អ្នក​ជ្រើស​រើស​ពូក​ដែល​ទន់​ជ្រុល​ពេក បាន​ន័យ​ថា ពូក​ដែល​ពេល​គេង​ពី​លើ​វា​ទន់​ចុះ​ក្រោម​ជ្រៅ​ពេក នឹង​ធ្វើ​ឱ្យ​ឆ្អឹង​ខ្នង​កោង​តាម​សភាព​កោង​ទន់​របស់​ពូក​នោះ​ដែរ។ ហេតុ​នេះ​ គួរ​ជ្រើស​រើស​ពូក​ណា​ដែល​ទន់ តែ​មិន​ជ្រាយ​ទន់​ចុះ​ក្រោម​តាម​ទម្ងន់​ខ្លួន​របស់​អ្នក​ ទើប​អាច​ទប់​ឆ្អឹង​ខ្នង​ឱ្យ​ត្រង់​បាន។

៤-អង្គុយ​យូរ​ៗ​ពេក៖បើ​ការងារ​របស់​អ្នក​ទាមទារ​ឱ្យ​អង្គុយ​យូរ អ្នក​គួរ​ចេះ​ធ្វើ​ចលនា​ ឬ​កំរើក​សាច់ដុំ​ឱ្យ​បាន​ញឹក​ញាប់​ ដោយ​សារ​ការ​អង្គុយ​ច្រើន​ម៉ោង​ជាប់​គ្នា​នឹង​បណ្ដាល​ឱ្យ​ខ្នង​របស់​អ្នក​ទៅ​ជា​ឈឺ​ចាប់​។ ដូច​នេះ​ គួរ​ងើប​ដើរ​ចេញ​ពី​កៅ​អី​ធ្វើ​ការ​ខ្លះ ដូច​ជា​ទៅ​បន្ទប់​ទឹក ឬ​ពត់​ពែន​ខ្លួន​លើ​កៅអី ជៀសវាង​ការ​អង្គុយ​សំកុក​ជាប់​គ្នា​យូរ​ពេក​។

៥- ​យួរ​កាបូប ឬ​ស្បោង​ធ្ងន់​ៗ​ពេក៖ការ​ទម្លាក់​ដៃ​យួរ​ស្បោង​ ឬ​កាបូប​ដែល​ធ្ងន់​នឹង​ទម្លាក់​ទម្ងន់​ទាំង​អស់​ទៅ​លើ​ស្មា ​​ដៃ​ និង​ខ្នង​របស់​អ្នក​ក្នុង​ការ​ទប់​របស់​ទាំង​នោះ​ ដែល​នឹង​ធ្វើ​ឱ្យ​ដង​ខ្លួន​គ្មាន​លំនឹង​ត្រឹម​ត្រូវ។ ដំណោះ​ស្រាយ គឺ​បើ​អ្នក​ត្រូវ​យួរ​របស់​ធ្ងន់​ៗ គួរ​រំលែក​វា​ជា​ពីរ​ចំណែក ហើយ​យួរ​ដោយ​ដៃ​ម្ខាង​ៗ​ក្នុង​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា ទើប​ដង​ខ្លួន​ ជា​ពិសេស​ឆ្អឹង​ខ្នង​អាច​ទប់លំនឹង​បាន​។

៦-ពត់​ខ្លួន​មិន​បាន​ត្រឹម​ត្រូវ៖ការ​ធ្វើ​លំហាត់​យូហ្កា ឬ​លំហាត់​ប្រាណ​ប្រភេទ​ផ្សេង​ទៀត​ដែល​តម្រូវ​ឱ្យ​ពត់​ខ្លួន​ចុះ​ឡើង​​ក៏​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ឆ្អឹង​ខ្នង​ផង​ដែរ បើ​អ្នក​ធ្វើ​វា​មិន​បាន​ត្រឹម​ត្រូវ។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា អ្នក​បាន​ស្ដាប់​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ច្បាស់​លាស់​ពី​វិធី​ធ្វើ​លំហាត់​ប្រាណ​ទាំង​នេះ​ឱ្យ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ។

៧-បើក​បរ​លើ​ផ្លូវ​រលាក់​៖ការ​បើក​បរ​លើ​ផ្លូវ​រលាក់​នឹង​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​មាន​ចលនា​រលាក់​ចុះ​ឡើង​ដូច​គ្នា​។ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​រយៈ​ពេល​យូរ ក៏​អាច​បណ្ដាល​ឱ្យ​ខ្នង​របស់​អ្នក​ទៅ​ជា​ចុក​ចាប់​ រោយ​ចង្កេះ​បាន​ដែរ។ វិធី​ដោះ​ស្រាយ​ គឺ​នៅ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ គឺ​ឈប់​សម្រាក​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​ខ្នង​បាន​សម្រាក មិន​ប្រឹង​ទប់​លំនឹង​ដង​ខ្លួន​ដូច​ពេល​កំពុង​បើក​បរ​៕អត្ថបទដោយ៖ អ៊ាង​ សុផល្លែត