យើងម្នាក់ៗតែងចង់គេងលក់ដ៏ស្កប់ស្កល់ តែជួនកាលវាពិបាកជាងការគិតទៅទៀត បើសិនជាយើងអនុវត្តទម្លាប់អាក្រក់មួយចំនួន។ ដើម្បីឲ្យគេងឆាប់លក់ និងគេងបានស្កប់ស្កល់នៅពេលយប់ វិធីសាស្ត្រខាងក្រោមនេះអាចជួយអ្នកបាន។ វាគឺជាទម្លាប់ល្អៗ ដែលអ្នកគួរតែអនុវត្តនៅពេលយប់ ជាពិសេសមុនពេលចូលគេង។
១. ញ៉ាំទឹកដោះគោក្តៅៗ ហើយឈប់ញ៉ាំកាហ្វេ
ទឹកដោះគោក្តៅៗ គឺជាអាហារល្អណាស់សម្រាប់ពេលយប់។ វាជួយកម្តៅរាងកាយរបស់អ្នក និងជួយឲ្យឆាប់គេងលក់ផងដែរ។ ជាមួយគ្នានេះដែរ សារជាតិកាហ្វេអ៊ីនគួរកាត់ផ្តាច់នៅពេលយប់ ដូចជាកាហ្វេ តែ ហើយសូកូឡាផងដែរ។ វាមានសារធាតុបង្អាក់ការគេងរបស់អ្នក។
២. អានសៀវភៅមុនពេលចូលគេង
វីធីសាស្ត្រថ្មី ហើយមានប្រសិទ្ធភាពសម្រាប់ការគេង គឺអ្នកគេងនៅក្នុងបន្ទប់មានពន្លឺភ្លើងតិចៗ ហើយអានសៀវភៅគេង។ សៀវភៅដែលអ្នកអាននោះមិនចាំបាច់ជាសៀវភៅដែលគួរឲ្យធុញខ្លាំងទេ គ្រាន់តែជាសៀវភៅធម្មតាក៏អាចជួយអ្នកបានដែរ។ ហេតុនេះបើសិនជាជួបបញ្ហានេះទៀត កុំស្ទាក់ស្ទើរក្នុងការប្រើវិធីសាស្ត្រនេះឲ្យសោះ។
៣. រក្សាភាពត្រជាក់នៅក្នុងបន្ទប់របស់អ្នកជានិច្ច
វីធីជួយឲ្យឆាប់គេងលក់មួយទៀត គឺការរក្សាបន្ទប់ឲ្យបានត្រជាក់ តែកុំឲ្យត្រជាក់ពេក។ ភាពត្រជាក់ក្នុងបន្ទប់ គឺជារឿងសំខាន់ណាស់។ ការសិក្សាបានបង្ហាញថា សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកចាប់ផ្តើមធ្លាក់ចុះនៅពេលដែលអ្នកគេងលក់។ ហេតុនេះមុនពេលគេង ដើម្បីឲ្យឆាប់គេងលក់ គឺត្រូវរកកន្លែងត្រជាក់បែបនោះហើយ។
៤. កំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ
ភ្នែករបស់អ្នកធ្វើតាមទម្លាប់របស់អ្នក។ នេះមានន័យថាបើសិនជាអ្នកធ្លាប់គេងនៅម៉ោងណា អ្នកគួរគេងនៅម៉ោងនោះ ព្រោះវាគឺជាទម្លាប់ល្អមួយ។ ធ្វើបែបនេះ អ្នកកម្រនឹងមានជំងឺគេងមិនលក់ណាស់។ មិនតែប៉ុណ្ណោះ អ្នកគេងលក់ស្កប់ស្កល់ ហើយស្រស់ស្រាយនៅពេលក្រោកពីគេងទៀតផង។
៥. ផ្តាច់ដំណើរការគ្រឿងអេឡិចត្រូនិច
អ្នកសិក្សាពីការគេងបានបញ្ជាក់ថា ភ្លើងភ្លឺៗរបស់ទូរស័ព្ទបង្អាក់សកម្មភាពគេងរបស់អ្នក ព្រមទាំងធ្វើឲ្យខួរក្បាលរបស់អ្នកគិតថាវានៅជាពេលថ្ងៃនៅឡើយ។ ពន្លឺទាំងនោះបញ្ជូនទៅកាន់ខួរក្បាលដែលរារាំងមិនឲ្យអ្នកសម្រាកបាន។ ទាំងនេះហើយជាហេតុផលដែលអ្នកត្រូវគិតគូរទុកទូរស័ព្ទឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកមានដំណេកស្កប់ស្កល់មួយ។
៦. ហាត់យោហ្កា(Yoga) មុនពេលចូលគេង
ការសិក្សាបានបង្ហាញថា ការហាត់យោហ្កា ជួយឲ្យរាងកាយរបស់អ្នកចង់សម្រាក។ នេះមានន័យថា ពេលហាត់ អ្នកនឹងទទួលអារម្មណ៍ហត់បន្តិច ហើយក៏ស្រួលខ្លួនដែរ។ ពេលនោះគ្រាន់តែអ្នកទម្រេតខ្លួនទៅលើគ្រែភ្លាម អ្នកនឹងឆាប់គេងលក់ភ្លាម។
៧. ការធ្វើសមាធិឬការធ្វើចិត្តឲ្យស្ងប់
បន្ទាប់ពីមានភាពតានតឹងជាមួយការងារឬការសិក្សាពេញមួយថ្ងៃ មនុស្សម្នាក់ៗតែងតែចង់បានពេលនៅស្ងប់សុខនៅពេលយប់ ហើយការសមាធិនេះអាចជាវិធីល្អណាស់។ ការសិក្សាបានបញ្ជាក់ថាការសមាធិអាចធ្វើឲ្យមានការកាត់បន្ថយភាពតានតឹង ការខឹង ការធ្លាក់ទឹកចិត្ត ការឈឺចាប់ឬជម្ងឺជាដើម។
សម្រួលអត្ថបទដោយ៖ កូនពៅ