ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

តោះមកមើលពីវិធីធ្វើនំព្រះខែ ស្នូលផ្អែមពងទាប្រៃ (Moon Cake)! មានវីដេអូ

19-Sep-2018 03:26 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

គ្រឿងផ្សំសម្រាប់ស្នូលខាងក្នុង៖

-ពងទាប្រៃ ៤គ្រាប់ យកតែពងក្រហម

-ស៊ុត ៣គ្រាប់ (តែ ២គ្រាប់ យកតែពងក្រហម)

-ស្ករស ៤០ក្រាម

-ម្សៅក្រែមទឹកដោះគោ (Custard powder) ៥០ក្រាម

-ម្សៅទឹកដោះគោ (Milk powder) ៦០ក្រាម

-ទឹកខ្ទិះដូង ៧៥ក្រាម

-ប័រ ៥០ក្រាម

-ក្បាលខ្ទិះ ៨០ក្រាម

-ស្ករ ៣០ក្រាម

គ្រឿងផ្សំសម្រាប់សម្បកនំ៖

-ប័រ ១០០ក្រាម

-ស្ករស ៥០ក្រាម

-ស៊ុតវាយបញ្ចូលគ្នា ២៥ក្រាម

-ម្សៅនំខេក (Cake flour) ១៤៥ក្រាម

-ម្សៅទឹកដោះគោ (Milk powder) ២៥ក្រាម

-ម្សៅក្រែមទឹកដោះគោ (Custard powder) ២៥ក្រាម

-ពុម្ពសម្រាប់ធ្វើនំ អាចរកទិញបានមានច្រើនម៉ូត (សម្រាប់នំ ៥០ក្រាម ក្នុង១ដុំ)

គ្រឿងផ្សំទឹកស៊ីរ៉ូសម្រាប់លាបលើនំ៖

-ស៊ុត ១គ្រាប់

-ទឹកស៊ីអ៊ីវ ១ចុងស្លាបព្រាកាហ្វេ

-ទឹកឃ្មុំ ១ស្លាបព្រាបាយ

-ទឹកឆ្អិន ១ស្លាបព្រាកាហ្វេ

វិធីធ្វើ សម្រាប់ស្នូលខាងក្នុង៖

១.យកពងក្រហមនៃពងទាប្រៃ យកទៅដាក់ចំហុយឲ្យឆ្អិន រួចហើយយកមកបំបែកឲ្យសព្វចូលគ្នា ទុកមួយឡែក

 

២.គោះស៊ុតដាក់ចាន ដាក់ស្ករសចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅក្រែមទឹកដោះគោ(Custard powder) ម្សៅទឹកដោះគោ(Milk powder) ទឹកខ្ទិះដូងចូល ច្របល់ចូលគ្នាឲ្យសព្វល្អ

 

៣.យកទឹកខ្ទិះដូង ប័រ ក្បាលខ្ទិះ ស្ករសដាក់ចូលខ្ទះ ប្រើភ្លើងតិចៗ កូរវាឲ្យរលាយសព្វចូលគ្នាល្អរហូតវាឡើងដុំជ្រាយៗ រួចដួសដាក់ចានហើយដាក់សាច់ពងទាប្រៃចូល ច្របល់ រួចគ្របថង់ប្លាទិចយកដាក់ក្នុងទូរទឹកកកចោលរយៈពេល ១ម៉ោង។

 

សម្រាប់សម្បកនំ៖

៤.យកប័រ ស្ករស និងស៊ុតដាក់ចូលគ្នា រួចវាយច្របល់បំបែកចូលគ្នាឲ្យសព្វល្អ ហើយដាក់ម្សៅនំខេក(Cake flour) ម្សៅទឹកដោះគោ(Milk powder) ម្សៅក្រែមទឹកដោះគោ(Custard powder)ចូល ច្របល់ចូលគ្នាឲ្យសព្វល្អរហូតវាឡើងដុំជ្រាយៗ រួចរុំថង់ប្លាទិចយកដាក់ទុកក្នុងទូរទឹកកករយៈពេល ១ម៉ោង។

 

៥.រួចរាល់អស់ហើយ យកស្នូលខាងក្នុងមកមូលជាដុំល្មមប្រហែល ២៨ក្រាម ក្នុង១ដុំ ហើយយកម្សៅសម្បកនំមកមូលជាដុំៗល្មម តែត្រូវតូចជាងស្នូលខាងក្នុងបន្តិចប្រហែល ២០ក្រាម ក្នុង១ដុំ

 

៦.បន្ទាប់មកយកដុំម្សៅសម្បកខាងក្រៅមកធ្វើឲ្យសំប៉ែត រួចដាក់ស្នូលចូល រុំមូលចូលគ្នា ហើយយកទៅប្រឡាក់ម្សៅ រួចដាក់ចូលពុម្ពចាក់ជារូប រួចអស់ហើយគ្របថង់យកដាក់ទូរទឹកកករយៈពេល ២ម៉ោង។

 

៧.បន្ទាប់ទៀតយកនំទៅដាក់ដុតកម្តៅ ២៣០អង្សា រយៈពេល ៥នាទី រួចយកចេញ

 

៨.ធ្វើទឹកស៊ីរ៉ូសម្រាប់លាបនំ លាយស៊ុត និងទឹកស៊ីអ៊ីវចូលគ្នា ច្របល់ឲ្យសព្វ រួចយកលាបលើនំទុកឲ្យស្ងួតសិនប្រហែល ៥នាទី ហើយយកទៅដាក់ដុតទៀតកម្តៅ ២៣០អង្សា រយៈពេល ៥នាទី រួចយកចេញ

 

៩.ធ្វើទឹកស៊ីរ៉ូសម្រាប់លាបនំ លាយទឹកឃ្មុំ និងទឹកចូលគ្នា ច្របល់ឲ្យសព្វ រួចលាបលើនំ ហើយយកនំទៅដាក់ដុតទៀតកម្តៅ ២៣០អង្សា រយៈពេល ២នាទី រួចជាការស្រេច។

 

*នេះជាវិធីធ្វើមួយបែបប្រភពពីហុងកុង www.twobites.com.hk

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ