គោលការណ៍គន្លឹះសំខាន់ៗចំនួន៤ដែលអាចឲ្យកសិករក្លាយខ្លួនជាអ្នកដាំបន្លែលក់មកកាន់ទីផ្សារឲ្យបានចំណូលច្រើន

553

ប្រជាកសិករយើងមួយចំនួនគាត់មិនមានផែនការច្បាស់លាស់ក្នុងការផលិត និងគិតទៅលើភាពទៀងទាត់នៃការផលិតនៅឡើយ។ បញ្ហានេះគាត់ពិបាកទទួលបានចំណូលខ្ពស់ពីការលក់ផលិតផលរបស់គាត់ណាស់ ព្រោះឈ្មួញមកទិញគាត់ច្រើនបន្ទាប់តម្លៃ។ ហេតុនេះបានធ្វើឲ្យកសិករមួយចំនួនបាក់ទឹកចិត្ត ហើយបោះបង់នៅការផលិត»។
ភាពជោគជ័យនៃការដាំដុះ គឺទាមទារនូវការយកចិត្តទុកដាក់ ជាពិសេសគឺជាការចំណាយពេលវេលាក្នុងការគ្រប់គ្រងដំណាំរហូតពេលបញ្ចប់ការប្រមូលផល ហើយទន្ទឹមការព្យាយាមយកចិត្តទុកដាក់ អ្នកផលិតក៏ត្រូវចេះរៀបចំផែនការ ការតម្រង់ទិសការងារ ហើយត្រូវធានាថា គ្រប់មូលដ្ឋានការងារបច្ចេកទេស ត្រូវបានអនុវត្តសមស្របតាមពេលវេលា។ ដើម្បីគេចចេញពីការបន្ទាបតម្លៃរបស់ឈ្មួញកណ្ដាល ហើយដើម្បីអាចទាញយកប្រយោជន៍ ខណៈមានតម្រូវការផលិតផលកសិកម្មកើនឡើងឲ្យបានជោគជ័យ និងទទួលបានចំណូលខ្ពស់នោះ កសិករគួរគិតពីគោលការណ៍សំខាន់ចំនួន៤។


១. បរិមាណផលិតផល៖ កសិករគួរគិតទៅលើបរិមាណផលិតជារឿងសំខាន់ មានន័យថា អ្នកផលិតត្រូវមានការដាំដុះនូវមុខដំណាំជាក់លាក់។ ឧទាហរណ៍ ត្រកួន ត្រសក់ ឬសណ្ដែកកួរ។ល។ ចំណុចនេះ លោកថា កសិករត្រូវហ៊ានធានាឲ្យបានច្បាស់លាស់នូវបរិមាណដែលខ្លួនអាចផលិតបាន៖ «បរិមាណផលិត គឺយើងចង់ឲ្យកសិករធ្វើការផលិតបានច្រើន ហើយធានាថា បរិមាណនោះគាត់ផលិតទៅតាមផែនការ។ គាត់ផលិតលើទំហំដីប៉ុន្មាន? ផលិតបន្លែអ្វីខ្លះ? ធ្វើយ៉ាងណាឲ្យសមស្របទៅនឹងទំហំទីផ្សារដែលគេចង់បាន»។


២. គុណភាពផលិតផល៖ ចំណុចនេះលោកថា កសិករត្រូវចេះដាំដុះ ថែទាំទុកដាក់ផលិតផលរបស់ខ្លួនឲ្យមានរូបរាងល្អ មានរសជាតិ និងមានសុវត្ថិភាព ជាពិសេសផលិតផលដែលគ្មានការប្រើប្រាស់ថ្នាំពុលកសិកម្ម ដើម្បីទាក់ទាញចិត្តអតិថិជនឲ្យបានច្រើន៖ «គុណភាពរបស់យើងយ៉ាងម៉េច កុំឲ្យមានការប្រើប្រាស់ជីគីមីនៅក្នុងចំណីអាហារ និងបន្លែរបស់យើង ដើម្បីធានាថាអ្នកទិញមិនប៉ះពាល់ដល់សុខភាព មានសុវត្ថិភាព អត់មានពុល អត់មានរាករូស ហើយគ្មានកាកសំណល់គីមីនៅក្នុងផលិតផលរបស់យើង»។


៣. ភាពទៀងទាត់នៃការផ្គត់ផ្គង់ផលិតផល៖ ត្រង់នេះ អ្នកជំនាញពន្យល់ថា កសិករត្រូវគិតថា តើកសិករខ្លួនឯងអាចផ្គត់ផ្គង់បន្លែរបស់ខ្លួនមួយថ្ងៃបានប៉ុន្មាន និងប៉ុន្មានថ្ងៃអាចផ្គត់ផ្គង់បានមួយដង។ បន្ថែមពីនេះ កសិករត្រូវដឹងថា ផលិតផលបន្លែជាផលិតផលស្រស់ខុសពីស្រូវ មិនអាចទុកបានយូរ ហើយអាចលក់បរិមាណច្រើនក្នុងថ្ងៃតែមួយដូចស្រូវបាននោះទេ។ កន្លងមក អ្នកដាំបន្លែមានការលំបាកក្នុងការធានាភាពទៀងទាត់នូវការផ្គត់ផ្គង់ ដោយពេលខ្លះមានច្រើនពេក ឬពេលខ្លះអត់មាន។ បញ្ហានេះធ្វើឲ្យកសិករមានការលំបាកក្នុងការលក់ផលិតផលមកទីផ្សារ ហើយអ្នកទិញក៏គ្មានទំនុកចិត្តមកអ្នកផលិតដែរ។ ប៉ុន្តែលោកថា ដើម្បីធានាបាននូវភាពទៀងទាត់ផ្គត់ផ្គង់ផលិតផល អ្នកដាំបន្លែត្រូវគិតពីរដូវដាំ និងមានវិធានការការពារនៅពេលមានការប្រែប្រួលអាកាសធាតុ ជាដើម៖ «ធ្វើម៉េចឲ្យមានការទៀងទាត់។ ឧទាហរណ៍ គាត់ផលិតបន្លែមួយដែលមានអាយុកាល ៣០ថ្ងៃ។ ចឹងគាត់ត្រូវគិតលើរដូវដាំដុះ ពេលវេលាផលិត ពិនិត្យលើប្រព័ន្ធទឹក មានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការដាំដុះ និងបង្កើនទិន្នផលរបស់គាត់ឲ្យបានទៀងទាត់»។


៤. តម្លៃផលិតផល៖ លោកថា អ្នកផលិតត្រូវច្បាស់ពីថ្លៃដើមក្នុងការផលិត មានន័យថា អ្នកផលិតត្រូវគិតថា តើចំណាយអស់ប៉ុន្មានក្នុងការផលិតបន្លែ ១គីឡូក្រាម ព្រោះការដឹងពីថ្លៃដើមផលិតបានច្បាស់លាស់ វាជួយឲ្យកសិករងាយស្រួលក្នុងការកំណត់តម្លៃក្នុងការលក់ចេញ ជាពិសេសបានដឹងពីភាពខាត ឬចំណេញក្នុងមួយសង្វាក់ផលិតកម្មរបស់ខ្លួន៖ «តម្លៃនេះ គឺយើងត្រូវគិតថា កុំឲ្យលើសខ្លាំងពេកទៅលើតម្លៃនៅលើទីផ្សារ ប៉ុន្តែក៏ត្រូវសមស្របគ្នាគិតលើការផលិតផងដែរ ធ្វើយ៉ាងណាថ្លឹងថ្លែងរវាងអតិថិជន និងថ្លៃដើមផលិតឲ្យបានច្បាស់»។


បើអ្នកដាំបន្លែ ពិសេសកសិករអនុវត្តនូវគោលការណ៍ណែនាំនេះ វានឹងមានផលិតផលដែលមានគុណភាពល្អ ហើយមានភាពទៀងទាត់ក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារក្នុងបរិមាណជាក់លាក់មួយ។ ជាងនេះទៀត កសិករអាចលក់បានតម្លៃថ្លៃ និងមានដៃគូទីផ្សារយូរអង្វែងថែមទៀតផង។
អ្នកផលិតក៏ត្រូវដាំដុះទៅតាមទំហំធនធានរបស់ខ្លួន ដោយចាំបាច់ត្រូវគិតទៅលើជីធម្មជាតិ កម្លាំងពលកម្ម និងទឹកស្រោចស្រពផងដែរ។


កែសម្រួលអត្ថបទពីៈ វិទ្យុអាស៊ីសេរី

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here