ការដាំដុះពូជ​ស្រូវស្រាល អ៊ី​អ៊ែរ ៧២ !!

107

ពូជស្រូវ​អ៊ី​អ៊ែរ៧២ជា​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ដែល​បាន​ធ្វើ​ការរំដោះនិង​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិឌ្ឍន៍​កសិកម្ម​កម្ពុជា​នា​ឆ្នាំ ១៩៩០។បច្ចុប្បន្ន​ពូជស្រូវ ‘​អ៊ី​អ៊ែរ៧២បាន​នឹង​កំពុង​ប្រើប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពូជស្រូវ​នេះ​ផ្តល់​នូវ​ទិន្នផល​ខ្ពស់។​

លក្ខណៈពិសេសៗ​របស់​ពូជស្រូវអ៊ី​អ៊ែរ ៧២ពូជស្រូវ អ៊ី​អ៊ែរ ៧២ជា​ពូជស្រូវ​ដែល​មាន​អ​វេទរ​សភាព​នឹង​រយៈ​ពន្លឺ(​មិន​ប្រកាន់​រដូវ​)និង​អាច​ចេញ​ផ្កា​គ្រប់ពេលវេលា​ដរាបណា​លក្ខខណ្ឌ​ដាំ​ដុះ​អនុគ្រោះ​ដល់​ ការលូតលាស់​របស់​វា។អាស្រ័យ​ដោយ​ហេតុផល​ខាងលើ ទើប​ពូជ​នេះ​អាច​ដាំដុះ​នៅ​រដូវវស្សា (​ដំណាំ​ទីមួយ​នៃ​រដូវ ឬ​ស្រូវ​ដើមរដូវ​)ក្នុង​រដូវវស្សា(​ដំណាំ​ទី​ពីរ​នៃ​រដូវ​) ចុង​រដូវវស្សា និង​ស្រូវប្រដេញទឹក (​ដំណាំ​ចន្លោះ​រដូវវស្សា និង​រដូវប្រាំង​)និង​លក្ខខណ្ឌប្រាំង​ស្រោចស្រព។ពូជស្រូវអ៊ី​អ៊ែរ ៧២នេះ​មាន​អាយុ​កាលពី១១៥-១២០ថ្ងៃគឺ​ចាប់ពី​ថ្ងៃ​សាប​រហូត​ដល់​ថ្ងៃ​ប្រមូល​ផល។

កំពស់​ដើម​របស់​ពូជស្រូវ អ៊ី​អ៊ែរ ៧២ប្រែប្រួល​ពី ៨០-១២០ស​.​ម និង​ចំនួន​ដើម​បែក​ផ្តល់​ផល​គឺ​ចាប់ពី១០-១៣ដើម​ក្នុង​មួយ​គុម្ព អាស្រ័យ​ទៅតាម​ប្រភេទ​ដី ។ ចំនួន​គ្រាប់​ក្នុង​មួយ​កួរ​មាន​ចាប់ពី៨០-៩៥ គ្រាប់និង​មាន​ប្រវែង​កួរ ២៣-២៦ ស​.​ម។រីឯ​ទិន្នផល​របស់​វា​វិញ គឺ​អាច​ទទួលបាន​ចាប់ពី ៣.៥ តោន​ទៅ ៦.០ តោន​ក្នុង​ផ្ទៃដី ១ ហិកតា។ពូជស្រូវ “អ៊ី​អ៊ែរ ៧២” គឺជា​ពូជ​ដែល​ធន់​ទៅនឹង​ដង្កូវ​រូង​ដើម​ឆ្នូត តែ​មិន​ធន​ទៅនឹង​ពពួក​មមាច​ត្នោត​ទេ។​

វិធីសាស្ត្រ​ដាំ​ដុះ

​សម្រាប់​ស្រូវ​សន្ទូង បរិមាណ​គ្រាប់ពូជ​ដែល​ចាំបាច់​គឺ​ពី ៣០-៤០ គីឡូក្រាម​ក្នុង​មួយ​ហិកតា ប៉ុន្តែ​ក្នុង​ករណី​ដែល​គ្រាប់ពូជ​សុទ្ធ និង​មាន​សុខភាព​ល្អ បរិមាណ​គ្រាប់ពូជ​ដែល​ត្រូវការ​ក្នុង​មួយ​ហិកតា​គឺ​ពី ១៥-២០ គីឡូក្រាម​ប៉ុណ្ណោះ។ដើម្បី​ឲ្យ​សំណាប​ដុះ​លូតលាស់​ធំធាត់​ល្អ គេ​ត្រូវ​សាប​គ្រាប់​ពូជ​មួយ​គីឡូក្រាម​លើ​ផ្ទៃ​ដី​ថ្នាល ១០ ម៉ែត្រការ៉េ ។

ទី​សំណាប​ត្រូវធ្វើ​នៅ​ជិត​ប្រភពទឹកតែ​ត្រូវ​ឆ្ងាយ​ពី​ម្លប់​ព្រៃ ឬ​កន្លែង​មាន​ភ្លើង​អគ្គិសនី ដើម្បី​ជៀសវាង​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ។ជា​ការ​ល្អ​គួរ​ស្ទូង សំណាប​ដែលមាន​អាយុ ១៨-២២ ថ្ងៃ ហើយ​ក្នុង​មួយ​គុម្ព​ចំនួន២-៣ដើម។សម្រាប់​ស្រូវ​ពង្រួ​ស បរិមាណ​គ្រាប់ពូជ​ដែល​ចាំបាច់​គឺ​ពី៧០-៨០ គីឡូក្រាមក្នុង​មួយ​ហិកតា។គួរ​រៀបចំ​ដី​ឲ្យបាន​ល្អ​និង​រាបស្មើ​មុន​ស្ទូង ឬ​ព្រួស។

ការ​ភ្ជួរ​រាស់​គួរតែ​ធ្វើឲ្យបាន២-៣ សារ​ជា​ការល្អប្រសើរ។ប្រសិនបើ​ស្រែ​អាច​បញ្ចេញបញ្ចូល​ទឹក​បាន​បន្ទាប់​ពី​ស្ទូង ឬ​ព្រួស​បាន ២០ ថ្ងៃ អាច​បញ្ចេញ​ទឹក​ឲ្យអស់​ពី​ក្នុង​ស្រែ ២-៤ថ្ងៃរួច​បញ្ចូល​ទឹក​ថ្មី​វិញ។ធ្វើ​របៀប​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ស្រូវ​កាន់តែ​បែក​គុម្ព​ល្អ។​

ការប្រើប្រាស់​ជី​

​​ការប្រើប្រាស់​ជី​សមស្រប​តាម​កម្រិត​ ណែនាំ នឹង​មិន​បណ្តាលឲ្យ​មាន​ការថយ​គុណភាព​គ្រាប់ស្រូវ​ឡើយ។គួរ​ដាក់​ជី ២-៣​ដង ក្នុង​មួយ​វដ្ត​ជីវិត​របស់​ស្រូវ​ដោយ​:

-បាច​លើក​ទី​១:ទ្រាប់​បាត​មុន​ពេល​ស្ទូង​ប្រើ​ជីធម្មជាតិ​ពី ៥-១០ តោន​/​ហ​តនិង​រួមផ្សំ​ជាមួយ​ជីគីមី​ដូច​មានក្នុង​តារាង​ទី១។សម្រាប់​ពេល​វេលា​នៃ​ការ​បាច​ជី​បំប៉ន គឺ​ត្រូវ​ធ្វើឡើង​នៅ​រយៈពេល១៥ ថ្ងៃ(​បំប៉ន​លើកទីមួយ​)និង ៣០ ថ្ងៃ (​បំប៉ន​លើក​ទី​ពីរ​)ក្រោយពេល​ស្ទូង។​

ការប្រមូល​ផល​

-ត្រូវ​ធ្វើការ​ច្រូតកាត់​នៅ​រវាង ៣០-៣៥ ថ្ងៃ​បន្ទាប់​ពី​ស្រូវ​ហាល​ផ្កា​ស្រុះ ឬ​ពេល​ដែល​ប្រមាណ៨៥ ភាគរយ នៃ​គ្រាប់ស្រូវ​ទុំ។​
-ត្រូវ​ហាល២-៣ ថ្ងៃ​ដើម្បី​បន្ថយ​សំណើម​នៅក្នុង​គ្រាប់​ឲ្យនៅ១៤ភាគរយ​មុននឹង​ទុក​ជា​ការល្អ។សូម​យក​គ្រាប់ស្រូវ​មក​ខាំ​ដើម្បី​កំណត់ បើ​គ្រាប់ស្រូវ​នោះ​បាក់ គឺ​មានន័យ​ថា​គ្រាប់ស្រូវ​ស្ងួត​ល្អ​អាច ទុកដាក់​បាន។​


-គ្រាប់ពូជ ត្រូវ​ច្រក​ទុក​ក្នុង​បាវ​ក្រចៅ​ដាច់ដោយឡែក​ពី​គ្រាប់ស្រូវ​ចំណី នៅ​កន្លែង​ដែល​ស្ងួត​ល្អហើយ​គ្មាន​ការបំផ្លាញ​ពី​សត្វ​កណ្តុរ មាន់​ទា​ជាដើម។ត្រូវ​សរសេរ​ឈ្មោះ​ពូជ និង​ថ្ងៃខែ​ច្រូតកាត់​ដាក់​នៅ​លើ​បាវ​ឲ្យបាន​ត្រឹមត្រូវ​ល្អ។​

-ផល​ស្រូវ​ដែល​ប្រមូលបាន​ត្រូវ​ដាក់​ក្នុង​ជង្រុក​ឲ្យបាន​ល្អ ដោយ​ការពារ​កុំឲ្យ​សត្វកណ្តុរ មាន់ ទា ចូល​ស៊ី និង​មិន​ឲ្យ​ទទឹក។​


ប្រភព៖ IT CAMBO

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here