ការចិញ្ចឹមមាន់តាមធម្មជាតិជាលក្ខណៈគ្រួសារ !!

487

ការ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​តាម​គោលការណ៍​ធម្មជាតិ​​ ប្អូនប្រុស ចាន់ សុធា ជា​កសិករ​រស់នៅ​ភូមិ​ទី​ប៉ាត់ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​ប្អូនប្រុស​មាន​មុខរប​រ​ធ្វើ​​ស្រែចំការ និង​ចិញ្ចឹមសត្វ​បន្តិចបន្តួច​ជា​លក្ខណៈ​គ្រួសារ ។

ចំពោះ​ការ​ចិញ្ចឹម​មាន់ ប្អូនប្រុស​ធ្លាប់​ចិញ្ចឹម​តាំងពី​ឆ្នាំ ១៩៩០ មកម្ល៉េះ ​ប៉ុន្តែ​ការចិញ្ចឹម​នោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​ទេ ដោយសារ​មាន់​ចេះ​តែ​ងាប់។​​ក្រោយពី​បាន​អាន​ព្រឹត្តិបត្រ​កសិករ​គាត់​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ ទៅលើ​បទពិសោធន៍​ចិញ្ចឹម​មាន់​របស់​កសិករ​​ម៉ែន ង៉ែត ដែល​បាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​កសិករ​លេខ ១២ ខែ​ធ្នូ ឆ្នាំ ២០០១ ។

ប្អូនប្រុស​បាន​ជ្រើសរើស បទពិសោធន៍​នេះ ​មក​ធ្វើ​ការសាកល្បង​តាម ដែល​មាន​បង្ហាញជូន​ដូចខាងក្រោម៖

១-ការជ្រើសរើស​ពូជ​ចិញ្ចឹម​ ​ក្នុង​ការចិញ្ចឹមប្អូនប្រុស​យកចិត្តទុកដាក់​ទៅលើ​ ការជ្រើសរើស​ពូជ គឺ​គាត់​ជ្រើសរើស​ពូជ​ដែល​មាន​មាឌធំជើង​ល្មៀត​​ព្រោះ​វា​ចេះ​ការពារ​កូននិង​ សាយ​កូន ។​

២-ការធ្វើ​ទ្រុង និង​រៀបចំ​សំបុក​

ក្នុង ​ការចិញ្ចឹម​ប្អូនប្រុស​បាន​ធ្វើ​ទ្រុង​ឲ្យ​ មាន់ជ្រក និង​ទីធ្លា​សំរាប់​ឲ្យ​មាន់​ដើរលេង​រក​ចំណី ។ តែ​ចំពោះ​សំបុក​ដាក់ឲ្យ​​មាន់​ពង គាត់​ធ្វើ​សំបុក​ក្រាស់​សំរាប់​រដូវវស្សា និង​សំបុក​ស្តើង​សំរាប់​រដូវក្តៅ ។​

៣-ការថែរក្សា​៖កូន ​មាន់​ដែល​ទើប​ញាស់​ពី​សំបុក គាត់​ក្រុង​វា​ទុក​រយៈពេល ៧ ទៅ ១០ ថ្ងៃ ឲ្យ​កូនមាន់​រឹងដៃ រឹង​ជើង ទើប​ព្រលែង​​ឲ្យ​ដើរ​រកស៊ី​ជាមួយ​មេ ។​

៤-ការផ្តល់​ចំណី​៖ចំពោះ​ចំណី​មាន់ គាត់​លាយ​ច្រើន​មុខ​បញ្ចូល​គ្នា សំរាប់​មាន់ ២៥ ក្បាល គាត់​លាយ៖

-កន្ទក់ ១ គីឡូក្រាម​
-ស្លឹក​ស្តៅពី ១ ទៅ ១ ខាំ​កន្លះ បុក​ឲ្យ​ម៉ដ្ឋ​
-អង្ករ ឬ​ចុងអង្ករ ១ ទៅ ២ កំប៉ុង​
-បាយ និង​កាក​សំណល់​ផ្ទះបាយ​
-ទឹក​អង្ករ​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​យក​ទៅ​ដាក់​ក្នុង​ស្នូក​ចំណី​ឲ្យ​មាន់​ស៊ី១ថ្ងៃ២ទៅ៣ដង។​

៥-ការ​ដាក់​ទឹក​

​ចំពោះ​ទឹក​ដែល​ដាក់​ឲ្យ​មាន់ផឹក​គាត់​បាន ស្ទោះ​សំបក​គរ​ប៉ុន​ធ្នាប់​ដៃ​ប្រវែង ២ ទៅ ៣ តឹក ដំ​ឲ្យ​ទ​ក់ រួច​ដាក់​ត្រាំ​ទឹក ៦ ​លីត្រ ឲ្យ​មាន់ផឹក​ជាប្រចាំ​ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ទើប​ប្តូរ​ម្តង ។

​ប្អូនប្រុស​បាន​បញ្ជាក់ថា មុន​ពេល​សាកល្បង​អនុវត្ត​បទពិសោធន៍រ​បស់​កសិករ ម៉ែន ង៉ែត មាន់​របស់​គាត់​ចិញ្ចឹម ក្នុង​​រយៈពេល ២ ខែ មាន​ទំងន់​តែ ៣ ទៅ ៤ ខាំ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បន្ទាប់ពី​បាន​អនុវត្ត​តាម​មក​ឃើញ​ថា មាន់​គាត់​ចិញ្ចឹម​តែ​រយៈពេល ១ ខែ​កន្លះ មាន​ទំងន់​រហូត​ដល់ ១ ទៅ ១,៣ គីឡូក្រាម ។​

ចំពោះ​មាន់ ២៥ ក្បាល គាត់​បាន​បែងចែក​ដូចតទៅ៖

-លក់​ចំនួន ១០ ក្បាល បាន​ប្រាក់ ៦៧៥០០៛
-ធ្វើ​ម្ហូប​អស់ ៦ ក្បាល​
-ទុក​ធ្វើ​ពូជ ៩ ក្បាល​

​ក្រោយពី​បាន​ឃើញ​លទ្ធផល​ជាក់ស្តែង​មក ប្អូនប្រុស​មាន​ចំណាប់អារម្មណ៍​ថា ការ​ចិញ្ចឹម​មាន់​តាម​បែប​ប្រពល​វ​ប្ប​​កម្ម​តាម​គោលការណ៍​ធម្មជាតិ ធ្វើឲ្យ​មាន់ឆាប់​ធំធាត់​លឿន ឈ្នះ​ជំងឺ ហើយ​ចិញ្ចឹម​តែ​រយៈពេល​ខ្លី អាច​ឲ្យ​យើង​ឆាប់​ទទួលផល ​និង​លក់បាន​ទៀតផង ។ ទៅ​ថ្ងៃ​អនាគត ប្អូនប្រុស​នឹង​ចិញ្ចឹម​បន្ត​របៀប​នេះ​ទៀត ហើយ​នឹង​ពង្រីក​ការចិញ្ចឹម​ឲ្យបាន​ច្រើន៕

ប្រភព៖ IT CAMBO

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here