ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ការចិញ្ចឹមបង្កងក្នុងកញ្ច្រែង

07-Jul-2018 12:19 PM

រូបភាព


ដោយ: Uddam

បច្ចេកទេសចិញ្ចឹមបង្កងធម្មជាតិក្នុងកញ្ច្រែង

ការរៀបចំស្រះចិញ្ចឹម៖

– ជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ បណ្តោយប្រមាណ ១៥ ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំមុនការចិញ្ចឹមព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម

– បើមានលទ្ធភាពជាងនេះយើងអាចចាក់ធ្វើជាអាង តង់ប្លាស្ទិចធ្វើជាស្រះ ឬលូសម្រាប់ចិញ្ចឹមក៏បាន។

* ការរៀបចំចិញ្ចឹម៖

– រៀបចំបង្គោលឈើសម្រាប់ចងព្យួរកញ្ច្រែងដើមម្បីងាយស្រួលក្នុងការលើកមើល និងដាក់ចំណីវា

– វិធីធ្វើកញ្ច្រែងគឺយើងអាចយកកញ្ច្រែង២ ដែលមានអង្កត់ផ្ចិតប្រមាណ៣តឹក និងកម្ពស់ប្រមាណ៣តឹកមកមកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រលាល្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី

– ដាក់ចងដបទឹកប្លាស្ទិច២នៅផ្នែកសាងខាង ត្រឹមពាក់កណ្តាលកញ្ច្រែងដើម្បីឲ្យវាអាចអណ្តែតបាន

– ដាក់ទឹកបញ្ចូលក្នុងស្រះនោះ

– នៅពេលបញ្ចូលទឹករួចយកបង្គោលឈើមកចងភ្ជាប់ជាមួយកញ្ច្រែង រួចដាក់ចូលក្នុងស្រះដោយទុកគម្លាតពីគ្នាប្រមាណ៥ទៅ៧តឹក និងមិនត្រូវឲ្យលិចផុតទៅក្នុងទឹកឡើយ

– បន្ទាប់មកដាក់កូនបង្កងទឹកសាបចំនួន១ចូលក្នុងកញ្ច្រែងចិញ្ចឹម។

– ត្រូវរៀបចំប្រព័ន្ធឲ្យទឹកវិលប្រមាណ១៥-២០នាទី ក្នុងមួយថ្ងៃ និងត្រូវផ្លាស់ប្តូរទឹកចេញនៅពេលឃើញថាវាមិនសូវល្អដោយបូមចេញពាក់កណ្តាលហើយដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ។

* ការផ្តល់ចំណី៖

– យើងអាចឲ្យចំណីវា ២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច

– ប្រភេទចំណីដែលអាចឲ្យវាស៊ីបានមានដូចជា ជន្លេនក្រហម សាច់ដូងខ្ចីល្មម កូនត្រីតូចៗផ្សេងៗជាពិសេសត្រីទីឡាព្យា និងអាចឲ្យវាស៊ីបន្លែខ្លះដូចជាស្ពៃក្តោបជាដើម។

– យើងអាចផលិតចំណី១បែបទៀតគឺ យកកន្ទក់ លាយជាមួយត្រីដែលគេកិនរួច យកល្បាយស្មើគ្នា រួចយកលាយជាមួយប្រេងរុក្ខជាតិ រួចដាក់ក្នុងកញ្ច្រែងឲ្យវាស៊ី ដែលអាចជួយឲ្យវាឆាប់ធំធាត់ និងអាចទិញចំណីទីផ្សារខ្លះ។

– អាចបូមទឹកផ្លាស់ប្តូររាល់៣អាទិត្យម្តងជាការប្រសើរដើម្បីឲ្យបង្កងមានសុខភាពល្អ ដោយបូមចេញពាក់កណ្តាលហើយដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ។​

– រយៈពេលប្រមាណ ៧ខែ យើងអាចប្រមូលផលវាបាន។

អត្ថបទដោយ៖ អ៊ាង សុផល្លែត