សុខភាព និងសម្រស់
រូបភាព
ខួរក្បាលគឺជាផ្នែកមួយនៃសារពាង្គកាយដែលសំខាន់បំផុត និងជាអ្នកបញ្ជាឲ្យបេះដូងអ្នកលោត ឲ្យសួតដកដង្ហើម និងឲ្យគ្រប់ផ្នែកធ្វើការ។ ខួរក្បាលដំណើរការល្អ ក៏ព្រោះតែការបរិភោគអាហារត្រឹមត្រូវមានវីតាមីន ដើម្បីជួយទ្រទ្រង់ដល់ដំណើរការនៃផ្នែកផ្សេងៗទៀតបានល្អ ដែលនាំឲ្យរាងកាយទាំងមូលមានសុខភាពល្អ។ប៉ុន្តែអាហារខ្លះទៀតមិនត្រឹមតែគ្មានវីតាមីននោះទេ តែពេលញ៉ាំច្រើន វានឹងបង្កគ្រោះថ្នាក់ដល់ខួរក្បាល អង្គចងចាំធ្វើឲ្យមិនឆ្លាតនិងឆាប់ភ្លេចភ្លាំងផងដែរ។ អាហារទាំង៥យ៉ាងនេះមានរសជាតិឆ្ងាញ់ តែអ្នកគួរចៀសវាងបើមិនចង់ប៉ះពាល់ដល់ខួរក្បាល៖
១. ភេសជ្ជៈមានជាតិស្ករច្រើន៖ភេសជ្ជៈមានជាតិស្ករខ្ពស់ ដូចជាភេសជ្ជៈកំប៉ុងមានជាតិហ្គាស ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ និងទឹកក្រូចកំប៉ុងជាដើម។ ភេសជ្ជៈទាំងនោះមិនត្រឹមតែបណ្ដាលឲ្យធាត់ និងមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តែវាធ្វើឲ្យសមត្ថភាពខួរក្បាលចុះអន់ថយផងដែរ។ ការស្រាវជ្រាវបានបង្ហាញថាសារជាតិ Fructose ខ្ពស់ដែលមានក្នុងភេសជ្ជៈទាំងនោះនាំឱ្យខួរក្បាលបញ្ជាប្រព័ន្ធអាំងស៊ុយលីនមិនបានល្អ ដែលធ្វើឲ្យជាតិស្ករស្តុកទុកលើសកម្រិតនិងបំផ្លាញខួរក្បាលទៅវិញ។
២. អាហារបម្លែងជាតិខ្លាញ់៖អាហារដែលបម្លែងជាតិខ្លាញ់ដូចជា ប៊ីផ្អែម គ្រីម(Cream) នំខេកជាដើមអាចមានផលប៉ះពាល់ជាអវិជ្ជមានដល់ខួរក្បាល។ ការសិក្សាបានរកឃើញថា នៅពេលមនុស្សបរិភោគប្រភេទអាហារទាំងនេះយូរទៅ ពួកគេនឹងកើនឡើងនូវហានិភ័យដែលប្រឈមនឹងជំងឺវង្វេង ការចងចាំចុះទាប និងថយចុះការយល់ដឹងផងដែរ។
៣. អាហារកែច្នៃ៖អាហារកែច្នៃមានដូចជាដំឡូងកញ្ចប់ សាច់ក្រក (Hot Dog) ប្រហិត មីកញ្ចប់ និងអាហារធ្វើស្រាប់ផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារឬផ្សារទំនើប។ អាហារទាំងនោះមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពខួរក្បាល។ ការសិក្សាលើមនុស្ស៥២នាក់បានរកឃើញថា អ្នកដែលនិយមចូលចិត្តញ៉ាំអាហារកែច្នៃប្រភេទនេះ ជាតិស្ករក្នុងខួរក្បាលនឹងថយចុះ ហើយបាត់បង់ជាលិកាខួរក្បាលផងដែរ ដែលជាកត្តាបណ្ដាលឲ្យលែងសូវឆ្លាត ទៅជាស្ពឹក ហើយកើតជំងឺវង្វេងផងដែរ។
៤. ស្ករសម្រាប់ដាក់បន្ថែមក្នុងភេសជ្ជៈ ៖ឬអាហារគ្មានរសជាតិអ្នកចូលចិត្តប្រើស្ករបន្ថែមក្នុងកែវកាហ្វេឬរបរអាហារប្រចាំថ្ងៃ អាចនឹងខូចខួរក្បាលនៅថ្ងៃក្រោយ។ ស្ករប្រភេទនេះធ្វើឡើងសារជាតិ phenylalanine, methanol និង អាស៊ីដ aspartic។ សារជាតិ Phenylalanine អាចកាត់ឆ្លងកាត់រនាំងឈាមខួរក្បាល ហើយចូលទៅរំខានដំណើរការរបស់សរសៃប្រសាទ។ ម្យ៉ាងទៀត ស្ករបន្ថែមនេះមានសារធាតុគីមីដែលខួរក្បាលប្រឈមមុខនឹងភាពតានតឹងខ្លាំង។
៥. ស្រា៖ស្រាឬស្រាបៀគឺជាអ្វីដែលគ្រប់គ្នាមិនអាចខ្វះបាន ពេលញ៉ាំអាហារជួបជុំ ឬកម្មវិធីជប់លៀងផ្សេងៗ។ ប៉ុន្តែការផឹកស្រាច្រើនគឺប៉ះពាល់ដល់ខួរក្បាលជាខ្លាំង ដែលធ្វើឲ្យជាលិកាខួរក្បាលថយចុះ ហើយជាតិអាល់កុលនេះនឹងទៅរំខានដល់ប្រព័ន្ធសរសៃប្រសាទទៀតផង៕អត្ថបទដោយ៖ អ៊ាង សុផល្លែត