ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធីបណ្តុះផ្សិតអំបោះដោយប្រើធាតុផ្សំងាយៗ !!

13-Feb-2019 09:32 PM

រូបភាព


ដោយ: Uddam

១-ធាតុផ្សំសម្រាប់បណ្តុះផ្សិត៖ធាតុផ្សំក្នុងការបណ្តុះផ្សិតអំបោះមានវត្ថុធាតុដើមដូចជាអាចម៌រណានៃដើមកៅស៊ូ ចំនួន១០បេ-កំបោរសចំនួន១គីឡូក្រាម កន្ទក់(លេខ១)ចំនួន១០គីឡូក្រាមម្ស៊ៅដំណើប២គីឡូក្រាមសម្រាប់រួមផ្សំជាមួយនិងជីអ៊ុយរ៉េចំនួន៦ខាំទាំងអស់នេះយកមកលាយជាមួយគ្នាឱ្យក្លាយជាល្បាយស្មើសាច់មួយប្រភេទ។

២-របៀបធ្វើ

បន្ទាប់ពីមានធាតុផ្សំសព្វគ្រប់ជាល្បាយមួយស្មើសាច់ហើយនោះយើងត្រូវយកទឹកមកស្រោច លើល្បាយទាំងនោះក្នុងកម្រិតសើមល្មមរួចហើយផ្អាប់ទុកចោល១យប់លុះព្រឹកឡើងត្រូវយកល្បាយទាំងនេះមកច្រកក្នុងថង់រួចចងឱ្យជិតហើយយកវាទៅចំហុយឱ្យបានរយៈ ពេល៤ម៉ោងគិតចាប់ពីពេលដែលទឹកពុះ។

ក្រោយរយៈពេលនេះត្រូវទុកឱ្យវាត្រជាក់សិនទើបយកថង់ល្បាយទាំងនោះទៅដាក់មេផ្សិតនិងទុកឱ្យវានៅលើដីនៅរោងដែលមានសីតុណ្ហភាពត្រជាក់ល្មម រយៈពេល១៥ថ្ងៃ ឬក៍តិច ជាងនេះក៍បានអាស្រ័យលើមេផ្សិតដែលយើងទិញមក។

ប៉ុន្តែយ៉ាងណាៗត្រូវទុកវាកុំឱ្យមានមេរោគចូលស៊ីនិងឱ្យគត់មត់ពីការបំផ្លាញរបស់សត្វកណ្តុរ ពោលគឺកុំឱ្យវាហែកថង់បានជាហេតុ ធ្វើឱ្យវាខូច។លុះបន្ទាប់ពីវាដុះចេញពន្លកពីមាត់ ថង់ហើយ យើងត្រូវយកវាព្យួរនៅទីកន្លែងដែល មានសីតុណ្ណភាពត្រជាក់មធ្យមនិងស្រោចទឹក វាជារៀងរាល់ថ្ងៃ ទើបវាផ្តល់ផលល្អជាទីគាប់ចិត្ត។

៣-ការថែទាំ៖ដើម្បីថែទាំផ្សិតអាចម៍រណាឱ្យបានទិន្នផលខ្ពស់យើងត្រូវស្រោចទឹកវា១ថ្ងៃ៣ដងឬលើសពីនេះក៍បានដែរគឺអាស្រ័យលើអាកាសធាតុត្រជាក់ឬក្តៅខ្លាំងហើយនៅពេលវាមានអាយុពី១៥ថ្ងៃឬលើសពីនេះវាអាចដុះចេញនូវពន្លក។បន្ទាប់ពីពេលនោះយើងស្រោចទឹកវារហូតដល់ពេលផ្សិតលែងផ្តល់ទិន្នផលឱ្យ ព្រោះក្នុងថង់ដែលច្រកនេះឱ្យផលមិនលើសពី៦ខែទៅ៧ខែឡើយវាអាស្រ័យលើមេផ្សិតនិងការថែទាំរបស់អ្នកបណ្តុះ។

លើសពីនេះទៅទៀតយើងត្រូវរៀបចំរោងដែលបណ្តុះនេះកុំឱ្យផ្សិតដែលដុះមកប៉ះនឹងខ្សល់ត្រជាក់ខ្លាំងនិងអាកាសធាតុក្តៅខ្លាំងពេកព្រោះដំណាំនេះវាត្រូវការសីតុណ្ហភាពសមល្មមប៉ុណ្ណោះពោលគឺមិនក្តៅពេកនិងមិនត្រជាក់ពេកក្នុងការបណ្តុះផ្សិតឱ្យបានផលច្រើននោះយើងត្រូវរៀបចំកន្លែងដាំកុំឱ្យមានសត្វល្អិតមកស៊ីនិងមានទីតាំងសម្រាប់ផ្លាស់ប្តូរកន្លែងដាំកុំឱ្យដាំនៅកន្លែងដដែលៗធ្វើឱ្យយើងទទួលទិន្នផលមិនបានច្រើននៅក្នុងការដាំផ្សិតនេះដោយសារតែផ្សិតនេះវាត្រូវការភាពត្រជាក់មិនដូចរុក្ខជាតិដ៍ទៃ ឡើយក្នុងការលូតលាស់…។

៤-ការប្រមូលផល

ដំណាំមួយប្រភេទនេះ អាចនិយាយបានថាជាដំណាំផ្តល់ផលបានលឿនជាងដំណាំដទៃពោលគឺយើងអាចប្រមូលបានភ្លាមៗបន្ទាប់ពីដាំបានរយៈពេល៣-៤ថ្ងៃម្តង និងមានរយៈពេញលេញ នៃការប្រមូលផលពី៦-៧ ខែទើបវាផុតអាយុកាលផ្តល់ទិន្នផល។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត