ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធីដាំដំឡូងមីនិងការថែទាំ !!

20-Feb-2019 09:24 AM

រូបភាព


ដោយ: Uddam

ការដាំដំឡូងមីក្នុងប្រទេសកម្ពុជាមានភាពស្រដៀងៗគ្នា តាមការនិយមនិងទំលាប់របស់ប្រជាកសិករនៅតាមខេត្តនីមួយៗ។ខាងក្រោមជាបច្ចេកទេសដាំដំឡូងមីរបស់កសិករនៅខេត្តកំពង់ស្ពឺ៖

វិធីសាស្ត្រជ្រើសរើសពូជ៖ក្នុងការដាំដុះការជ្រើសរើសពូជគឺជាកត្តាសំខាន់សម្រាប់អ្នកដាំដុះដំណាំគ្រប់ប្រភេទដំឡូងមីក៏ដូចគ្នាក្នុងនោះគឺត្រូវយកដើមដំឡូងមីណាដែលធំល្អរួចយកមកកាប់បញ្ឈរចោលនៅក្នុងម្លប់រយៈពេល១ខែ១៥ថ្ងៃ-២ខែ។

ការរៀបចំដីមុនពេលដាំ៖ដំឡូងមីគឺជាដំណាំដែលអាចឆ្លើយតបទៅនឹងដីស្ទើរគ្រប់ប្រភេទប៉ុន្តែដីដែលមានជីជាតិទាបធ្វើឱ្យដំឡូងមីមិនសូវលូតលាស់បានល្អទេប្រភេទដីដែលអំណោយផលដល់ដំណាំដំឡូងមីគឺជាល្បាយដីក្រហមដីខ្មៅនិងដីល្បាប់ប៉ុន្តែដីដែលជាំទឹកវាអាចធ្វើឱ្យដំឡូងមីរលួយមើមជាហេតុធ្វើអោយការប្រមូលទិន្នផលមិនបានខ្ពស់ឡើយ។

ដើម្បីឱ្យការដាំដុះមានលក្ខណៈងាយស្រួលយើងត្រូវភ្ជួរដីទុកចោលរយៈពេលពី១០ទៅ១៥ថ្ងៃនិងរាស់បំបែកដីយកស្មៅឱ្យស្អាតដោយលើកពូនជារងដែលមានគម្លាតពីគ្នាពី១០០ទៅ១២០សងទីម៉ែត្រនិងកម្ពស់ពី៣០ទៅ៥០សង់ទីម៉ែត្រ។

របៀបដាំដុះមុននឹងដាំគេត្រូវយកដើមដំឡូងមីដែលកាប់យកមកហាលទុកនោះមកកាត់ជាកង់ប្រវែងពី២៥ទៅ៣០សង់ទីម៉ែត្រហើយដោតដាំចុងឡើងលើនៅលើរងដែលត្រៀមទុកដោយរក្សាចន្លោះពីគុម្ពមួយួទៅគុម្ពមួយទៀតប្រមាណពី១០០ទៅ១៨០សង់ទីម៉ែត្រហើយនៅគុម្ពនីមួយៗគឺគេដោតតែមួយដើមតែប៉ុណ្ណោះជាការស្រេច។

គួរបញ្ជាក់ផងដែរថាការដាំដំឡូងមីយើងត្រូវយកពូជណាដែលមានមែកថ្លោសល្អទើបមើមវាឆាប់ធំធាត់ហើយក្នុងការដាំទៀតសោតយើងត្រូវធ្វើវាដោយផ្ចិតផ្ចង់បំផុតទើបទទួលទិន្នផលបានខ្ពស់ក្នុងនោះដែរការដាំត្រូវដោតឱ្យត្រង់កុំឱ្យទេនិងមួយគុម្ពត្រូវដាក់ដាំតែមួយដើមតែប៉ុណ្ណោះ។

វិធីសាស្ត្រថែទាំដំឡូងមី គឺជាដំណាំដែលពុំសូវពិបាកថែទាំ នោះទេ ព្រោះវាជាដំណាំរស់បានដោយងាយ ស្រួលដោយមិនចាំបាច់ស្រោចទឹកក៍អាចរស់ បានដែរ ពោលគឺវាពឹងផ្អែកលើដីដែលមាន សំណើមល្មម។ ក្រោយពីពេលដាំបានរយៈពេលប្រមាណ១សប្តាហ៍ បើមានភ្លៀងធ្លាក់តែមួយមេ ហើយនោះ វារឹតតែធ្វើឱ្យដើមដំឡូងមីកាន់តែ លូតលាស់បានល្អ និងលឿនមិនងាយមានសត្វ ល្អិតមកយាយីទេ។

តែទោះជាយ៉ាងណា ដំណាំ នេះ ប្រើរយៈពេលយូរបន្តិច ទើបទទួលបាន ទិន្នផល។ការថែទាំបន្តទៀត យើងអាចដកស្មៅ ចេញពីគុម្ពវាម្តងម្កាល អាស្រ័យតាមស្ថាន ភាពស្មៅដុះនៅលើរង ហើយបន្ទាប់ពីនោះ យើងបាញ់ថ្នាំជំនួយដើម និងដាក់ថ្នាំជំនួយមើម ជាការស្រេច។

ការប្រមូលផលក្រោយការដាំនិងថែទាំអស់រយៈពេលប្រមាណពី៨ទៅ១២ខែគឺយើងអាចធ្វើការប្រមូលផលបានជាស្ថាពរ។ហើយនៅក្នុងអំឡុងពេលនេះហើយដែលយើងអាចធ្វើការជ្រើសរើសពូជសម្រាប់ទុកដាំលើកក្រោយបន្តទៀតដោយមើលទៅលើដើមណាដែលភ្នែកថ្លោសល្អ។

ប្រភព៖ itcity