ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីចម្រាញ់ប្រេងដូងដោយខ្លួនឯង

12-Sep-2018 02:55 PM

រូបភាព


ដោយ: Uddam

នេះជាវិធីសាស្ត្រមួយយ៉ាងមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ។ ខាងក្រោមជារបៀបនៃការធ្វើប្រេងឆាដោយខ្លួនឯង ដែលរោងចក្រផលិតប្រេងឆានៅបរទេសសម្រាប់នាំចេញទៅលក់នៅប្រទេសផ្សេងៗ ។

វត្ថុធាតុដើមត្រូវការ : ដូងទុំ អំបិល ទឹក ។

 


វិធីធ្វើ :
១- កោសដូងទុំចំនួន 5Kg (សាច់ដូងដែលកោសរួច) ថ្លឹងឲ្យគ្រប់ចំនួន
២- ច្របាច់យកខ្ទិះពីសាច់ដូងដែលកោសរួចនេះ ។ នេះគឺជាក្បាលខ្ទិះពេលធ្វើរួចសូមទុកវាមួយអន្លើ ។
៣- កាកដូងដែលសល់ពីការច្របាច់យកក្បាលខ្ទិះត្រូវថ្លឹងជាថ្មី ។ យកចំនួនទឹក ១លីត្រ ស្មើកាកដូងនេះ 1Kg មកលាយចូលគ្នា ។ ច្របល់សាច់កាកដូងនេះជាមួយទឹកឲ្យសព្វរួចពូតយកខ្ទិះដូងឲ្យអស់ យកទឹកខ្ទិះដែលពូតបានជាលើកទី២ នេះទុកមួយកន្លែង កាកដូងនៅសល់សូមច្របាច់យកខ្ទិះជាលើកទី៣ ដោយលើកនេះលាយទឹកត្រឹម ១ភាគ៤ នៃចំនួនកាកដូង 1Kg (ទឹក ១លីត្រ កាកដូង 3Kg) ។


៤- ដាក់ខ្ទិះពូតបានលើកទី១ ទី២ និងទី៣ ចូលគ្នាច្របល់ឲ្យសព្វរួចវាល់ចំនួនទឹកខ្ទិះនេះឲ្យដឹងចំណុះពិតប្រាកដ ។
៥- រៀបចំធ្វើទឹកល្បាយអំបិលសម្រាប់ចម្រាញ់យកប្រេងចេញពីទឹកខ្ទិះដូង ។
៦- យកអំបិលចំនួន ៣៧ក្រាម លាយជាមួយទឹកចំនួន ១០០មីល្លីលីត្រ ឬប្រហែលជាអំបិល ១ពែង ទឹកកន្លះលីត្រ ។
៧- របៀបនៃការលាយទឹកល្បាយអំបិលនេះគឺទឹកល្បាយអំបិលចំនួន 10% ទឹកខ្ទិះដូងចំនួន 90% (ស្មើ ១០០) ។


៨- កូរល្បាយនេះឲ្យសព្វល្អចំនួន ១៥នាទី ដើម្បីឲ្យល្បាយអំបិលរលាយចូលក្នុងខ្ទិះដូងបានសព្វល្អ ។ ចាក់ទឹកល្បាយទាំងអស់ ដែលបានលាយរួចនេះចូលទៅក្នុងកែវធំមួយ (កែវ ១០លីត្រ) ថ្លា ជ័រ ឬកែវកញ្ចក់ក៏បាន តែត្រូវមានក្បាលរ៉ូប៊ីណេសម្រាប់មួលបើកទឹកចេញទៅផ្នែកខាងក្រោមបាន ។ បើយកល្អសូមទិញប៊ីដុងទឹកដែលមានក្បាលសម្រាប់បើកបិទទឹកស្រាប់ៗមកប្រើវិញ ។

៩- ចាក់ទឹកខ្ទិះចូលក្នុងធុងនេះគឺ ដើម្បីឲ្យវាធ្វើប្រតិកម្មបំបែកយកប្រេងពីខ្ទិះដូង ។ យើងត្រូវការពេលត្រឹមតែ ៣០នាទី តែប៉ុណ្ណោះ ដើម្បីវាញែកក្រែមដូងមកខាងលើប្រេងឆៅស្រទាប់ទីពីរ និងទឹកនៅស្រទាប់ទីបីបាតក្រោមគេ ។ ក្នុងករណីខ្លះយើងបានទទួលត្រឹមតែក្រែមប៉ុណ្ណោះ ។

១០- ជួយយកក្រែមនៅផ្នែកខាងលើមកលាយជាមួយទឹកអំបិលក្នុងចំនួនដូចមុន រួចយកក្រែមនោះដាក់ក្នុងឆ្នាំងមួយល្មមអាចដាក់ក្រែមបានទាំងអស់ យកឆ្នាំងមួយទៀតដែលធំជាងមកដាក់ទឹកដាំលើភ្លើងសូមដាក់ទឹកត្រឹមតែ ១ភាគបី នៃចំណុះឆ្នាំងបានហើយ បន្ទាប់មកយកឆ្នាំងដែលដាក់ក្រែមមកដាក់នៅក្នុងឆ្នាំងធំនេះ មិនត្រូវឲ្យទឹកក្នុងឆ្នាំងធំនោះចូលក្នុងឆ្នាំងក្រែមឡើយ ។


១១- ក្រែមដែលនៅក្នុងឆ្នាំងតូច និងរលាយជាប្រេងត្រូវទុកវានៅក្នុងឆ្នាំងធំនេះចំនួនយ៉ាងហោចណាស់ឲ្យបាន ១៥ ទៅ ២៥នាទី ដើម្បីឲ្យ ជាតិទឹកមាននៅក្នុងក្រែមនោះហួតអស់ ។

១២- ដួសវាច្រកដាក់ដបយកក្រដាស់ជូតមាត់ញ៉ុកមាត់ដបដាក់ទុកក្នុងទីមួយមានកំដៅល្មម ។សូមបញ្ជាក់ថា ប្រេងដូងនេះមិនមានក្លិនប្រេងដូងដូចជាការរំងាស់តាមដែលយើងធ្លាប់ធ្វើនោះឡើយ ។ យើងអាចយកវាមកប្រើការជាប្រេងលាបសក់, ជាប្រេងឆា រួមទាំងការប្រើប្រាស់ផ្សេងៗទៀតតាមសេចក្តីត្រូវការ ។ប្រេងឆាផលិតពីប្រេងដូងនេះល្អជាងប្រេងឆាដាក់ធុងធំៗលក់តាមទីផ្សារបច្ចុប្បន្ន ពីព្រោះវាមានផ្ទុកដោយសារធាតុមានប្រយោជន៍ជាច្រើនសម្រាប់រាងកាយមនុស្សយើង។ មួយវិញទៀតនោះ យើងអាចកាត់បន្ថយការចំណាយបានមួយផ្នែកទៅលើប្រេងឆាដែរ។

ប្រភព cen.com.kh