ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្ដធម្មជាតិជួយកែបញ្ហាហើម និងរលាកអញ្ចាញធ្មេញ

21-Jan-2019 03:35 PM

រូបភាព


ដោយ: Uddam

ជំងឺអញ្ចាញធ្មេញ កើតមានស្ទើរជាទូទៅទៅហើយ ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថាពួកគេមានបញ្ហានេះ រហូតដល់បញ្ហានេះកាន់តែមានសភាពធ្ងន់ធ្ងរ។ រោគសញ្ញានៃជំងឺនេះធ្វើឲ្យអញ្ចាញធ្មេញហើមប៉ោង និងក្រហមដែលបង្កឲ្យហូរឈាមនៅពេលដុសធ្មេញ បង្កឲ្យមានខ្យល់ដង្ហើមមិនល្អ និង មានអាការៈស្រៀវនៅតាមជើងធ្មេញ។ នៅពេលដែលមិនបានទទួលការព្យាបាលសាច់អញ្ចាញហើម ឆ្អឹងនឹងត្រូវបំផ្លាញហើយបន្ទាប់មកធ្មេញនឹងត្រូវខូច ឬបាក់ចេញតែម្តង។

មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិសម្រាប់កែបញ្ហាហើម និងរលាកអញ្ចាញធ្មេញ សូមបងប្អូនមកស្វែងយល់អំពីជំងឺនេះជាមុនសិន។
I. ជំងឺអញ្ចាញធ្មេញជាអ្វី? មានរោគសញ្ញា និងមូលហេតុអ្វីបង្កឱ្យមានជំងឺនេះ?
ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។


ដំណាក់កាលវិវឌ្ឍនៃជំងឺអញ្ចាញធ្មេញ៖
១. អញ្ចាចេញធ្មេញល្អ (1mm-3mm)
-គ្មានការហូរឈាមនៅអញ្ចាញធ្មេញ -ជំរៅអញ្ចាញធ្មេញ(ធម្មតាមានកម្ពស់ < 3mm) -សាច់អញ្ចាញមានពណ៍ផ្កាឈូក ។


២. ដំណាក់កាលទី១ នៃការរលាក(3mm-5mm)
-មានការហូរឈាមនៅអញ្ចាញធ្មេញ -អញ្ចាញធ្មេញមានពណ៍ក្រហម
-អញ្ចាញធ្មេញចាប់ផ្តើមឃ្លាតចេញពីធ្មេញ -មានការរលាកនៅអញ្ចេញធ្មេញ -ជំរៅអញ្ចាញមានកម្ពស់ (>3mmទៅ 5mm)។


៣. ដំណាក់កាលទី២ នៃការរលាក(5mm-7mm)
-ហូរឈាមនៅអញ្ចាញធ្មេញ -កម្ពស់សាច់អញ្ចាញ > 6mm -វិបត្តិអញ្ចាញធ្មេញ -បាក់ឫសធ្មេញ។


៤. ដំណាក់កាលទី៣ នៃការរលាក(ចាប់ពី 7mm)
-រលាកកាន់តែជ្រៅ -មានការឆ្លងមេរោគនៅអញ្ចាញធ្មេញ -មានការបាក់ឫសធ្មេញ ដែលបណ្តាលមកពីការរលាកធ្ងន់ធ្ងរ -មានការផ្លាស់ប្តូរទីតាំងនៃធ្មេញ ឬបាក់ធ្មេញ ។


II. ចុះជំងឺរលាកអញ្ចាញធ្មេញវិញមានជាអ្វី? មានរោគសញ្ញា និងមូលហេតុមកពីអ្វីដែរ?
ជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា Gingivitis គឺជាការរលាកអញ្ចាញនៅជុំវិញធ្មេញ និងវាវិវត្តន៍ទៅជា ជំងឺរលាកជាលិកាជុំវិញធ្មេញ (Periodontal disease) ដែលជាទូទៅបង្កមកពី ពពួកមេរោគ ឬ សំអេក ដែលប្រជាជនច្រើនហៅថា កំណកនៅតាមជើងធ្មេញ (Biofilm ឬPlaque)។


រោគសញ្ញា
រោគសញ្ញាដែលគេសង្កេតឃើញជាញឹកញាប់បំផុតគឺ៖
-ការហើមអញ្ចាញធ្មេញ មានសភាពប៉ោង និងហូរឈាមនៅតាមអញ្ចាញធ្មេញ


-ជូនកាល មានការឈឺចាប់នៅពេលអ្នកជំងឺទំពារពីលើអញ្ចាញធ្មេញដែលរលាកនោះ
-មានការហូរឈាមនៅពេលអ្នកជំងឺសម្អាតធ្មេញជាប្រចាំថ្ងៃ (ការដុសធ្មេញ ឬការប្រើសរសៃអំបោះមកសម្អាត)
-មានបញ្ហាធុំក្លិនមាត់ មុនពេល ឬក្រោយពេលទទួលទានចំណីអាហារ។

មូលហេតុ
មូលហេតុចម្បងដែលបណ្តាលឲ្យមានជំងឺរលាកអញ្ចាញធ្មេញនេះមានដូចខាងក្រោម៖
-មេរោគដែលមកពីកំណកនៅជើងធ្មេញ (Bacteria Plaque)


-ការសម្អាតធ្មេញមិនបានត្រឹមត្រូវ
-ការរលាកលើសពី ៤៨ម៉ោង កំណក(Plaque) នឹងវិវត្តន៍ទៅជា កំណកំបោរ (Calculus) (ដោយសារតែសារធាតុ Enzyme Toxin ដូចជា Lipopolysaccharide ឬ Lipoteichoic Acid ដែលបណ្តាលឲ្យមានការរលាកកាន់តែខ្លាំងនៅលើអញ្ចាញធ្មេញ) ។
-មូលហេតុបណ្តាលមកពីធ្មេញផ្ទាល់៖ ដោយសារធ្មេញមានភាពចង្អៀត (Crowding) ដែលមានការលំបាកក្នុងការសម្អាត។


ឥឡូវមកស្វែងយល់ពីរូបមន្តកែខៃបញ្ហាហើម និងរលាកអញ្ចាញធ្មេញ ទាំងអស់គ្នា ហើយសូមស៊ែរបន្តទុកជាចំណេះដឹងផងបាទ៖
រុក្ខជាតិឱសថមានដូចជា៖


១. សំបកមង្ឃុត
-យកសំបកមង្ឃុត ១ឬ ២ផ្លែ មកស្ងោរ
-យកទឹកស្ងោរនោះមកខ្ពុរមាត់ចំនួន ២-៣ ដង ក្នុង១ថ្ងៃ។ វាអាចជួយកាត់បន្ថយការហើម និងរលាកអញ្ចាញព្រមទាំងជួយកំចាត់បាក់តេរីផងដែរ។

២. ម្នាស់ :
-យកសាច់ម្នាស់ច្របាច់លាយទឹកបន្តិច
-ត្រងយកតែទឹកមកខ្ពុរមាត់១-២ ដង ក្នុង១ថ្ងៃ។

៣. ស្លឹកត្របែក
-យកស្លឹកត្របែក ៤ទៅ ៥សន្លឹក មកស្ងោរជាមួយទឹកដាក់អំបិលចូលបន្តិច
-ត្រងយកទឹកមកខ្ពុរមាត់ ២-៣ ដង នោះជួយកាត់បន្ថយអាការៈហើមជាំ និងរលាកបន្តិចម្តងៗ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត