សុខភាព និងសម្រស់
រូបភាព
អ្នកប្រហែលជាគិតថា ការគេងមិនបានគ្រប់គ្រាន់គឺជារឿងមិនអី ហើយក៏ល្អដែរ ប៉ុន្តែអ្នកប្រហែលជាមានអារម្មណ៍មិនស្រួលក្នុងខ្លួនឡើយពីមួយពេលទៅមួយពេល។ អ្នកអាចនឹងមានអារម្មណ៍មិនល្អ មិនសូវមានកម្លាំងកំហែងក្នុងខ្លួន និងមិនអាចធ្វើការងារប្រចាំថ្ងៃបានល្អឡើយ។ ទាំងនេះគឺជាផលរំខានតិចតួចនៃការមិនបានគេង ប៉ុន្តែការដែលគេងមិនបានសោះតែម្តងរហូត នោះវាអាចចេញជារោគសញ្ញាធ្ងន់ធ្ងរជាងនេះទៀតក៏មានដែរ។ ដើម្បីផ្តល់ជាគំនិតនូវអ្វីទៅដែលហៅថាគេមិនបានគ្រប់គ្រាន់អាចបង្កគ្រោះថ្នាក់ដល់រាងកាយបាន ខាងក្រោមនេះគឺជាអាការៈដែលជាប់ទាក់ទងនឹងការគេងមិនបានគ្រប់គ្រាន់ហើយ៖
ពិបាកផ្ចង់អារម្មណ៍៖ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យអ្នកកាន់តែពិបាកផ្ចង់អារម្មណ៍ ឬគិតក្នុងពេលថ្ងៃ។ នេះដោយសារតែ រាងកាយមិនបានសម្រាកគ្រប់គ្រាន់ បូករួមទាំងមិនមានលំហូរឈាមគ្រប់គ្រាន់ទៅខួរក្បាលទៀត ដូច្នេះវានឹងមិនអាចផ្តល់អុកស៊ីសែនបានគ្រប់គ្រាន់ដើម្បីខួរក្បាលធ្វើការកាន់តែល្អឡើយ។ អ្នកនឹងពិបាកក្នុងការដោះស្រាយបញ្ហាដោយសារតែរឿងនេះដែរ។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ការគេងមិនបានគ្រប់គ្រាន់ក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបានដែរ ដោយសារតែរាងកាយមិនបានសម្រាក និងជួសជុលខ្លួនឯងបាន ហើយក្នុងនោះប្រព័ន្ធភាពស៊ាំក៏រងការប៉ះពាល់ដែរ។ នៅពេលរឿងនេះកើតឡើង វានឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់វីរុសបង្ករោគដល់រាងកាយ ជាពិសេស ផ្តាសាយ ក្អក និងបញ្ហាសុខភាពផ្សេងៗទៀត។
ប៉ះពាល់ដល់តុល្យភាព៖បើសិនជាអ្នកមិនទទួលបានការគេងគ្រប់គ្រាន់ទែ វានឹងមានឱកាសកាន់តែច្រើនក្នុងការប៉ះពាល់ដល់តុល្យភាពរាងកាយ ដូច្នេះអ្នកក៏ងាយនឹងមានគ្រោះថ្នាក់ដោយចៃដន្យដូចជា ការដួល ជាដើម។
ប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែម៖ការគេងមិនបានគ្រប់គ្រាន់ពិតជាអាចធ្វើឲ្យអ្នកប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមបាន។ នៅពេលអ្នកគេងមិនគ្រប់ វានឹងប៉ះពាល់ដល់សមត្ថភាពរបស់រាងកាយក្នុងការបញ្ចេញអាំងស៊ុយលីន។ បើសិនជាអ្នកគេងមិនគ្រប់ ជាតិស្ករក្នុងឈាមពិតជាឡើងខ្ពស់ដែលអាចបង្កើនការប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២។
អារម្មណ៍មិនល្អ៖ការដែលគេងមិនបានគ្រប់អាចធ្វើឲ្យអារម្មណ៍ប្រែប្រួលច្រើន ដែលជាហេតុធ្វើឲ្យអ្នកងាយនឹងមានបញ្ហាផ្លូវចិត្ត និងឆាប់ឆេវឆាវជាងមុនបាន។ នៅពេលអ្នកកំពុងតែមានបញ្ហាពីការគេងមិនបានគ្រប់ រឿងនេះអាចនាំឲ្យមានបញ្ហាផ្លូវចិត្តដូចជា បាក់ទឹកចិត្ត និងថប់អារម្មណ៍បាន។
ជំងឺបេះដូង៖ជាអកុសល្យ ការដែលមិនបានគេងគ្រប់គ្រាន់ ក៏អាចបណ្តាលឲ្យប្រឈមនឹងជំងឺបេះដូងដែរ ដោយសារតែសម្ពាធឈាមឡើងខ្ពស់។ មានសារធាតុគីមីច្រើនទៀតដែលចរាចរណ៍ក្នុងខរាងកាយ បង្កជាការរលាក និងធ្វើឲ្យកើតជំងឺបេះដូង៕អត្ថបទដោយ៖ អ៊ាង សុផល្លែត