ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ទម្លាប់ល្អៗជួយឲ្យមានអាយុវែង!!

10-May-2018 04:04 PM

រូបភាព


ដោយ: Uddam

ការមិន​លេង​កីឡា និង​ផ្តោត​តែ​លើ​អាហារ​ខ្លាញ់ អាច​បណ្តាល​ឱ្យរាងកាយ​ពោរពេញ​ទៅ​ដោយ​ជាតិពុល។ ប៉ុន្តែការ​ប្រកាន់​ខ្ជាប់​នូវ​ឥរិយាបថ​ល្អ​មួយ​ចំនួន អាច​ជួយ​កម្ចាត់ជាតិ​ពុល​ចេញ​ពី​រាងកាយ និង​ជួយ​ឱ្យមាន​សុខភាព​ល្អ អាយុ​យឺន​យូរ​​ទៀត​ផង។ ខាង​ក្រោមនេះ​គឺជា​ទម្លាប់​ល្អៗ ដែល​ជួយ​ឲ្យមានអាយុវែង ៖

១.ទទួលទានអាហារឲ្យទៀងពេល៖ព្យាយាម​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​ពេល​ល្ងាច​នៅ​ម៉ោង​ដដែលៗ​ឲ្យទៀង​ទាត់​ជា​រៀង​រាល់​ថ្ងៃ កុំ​បង្អត់​អាហារ និង​ចៀស​វាង​ទទួល​ទាន​បន្ទាប់​ពី​ម៉ោង​១០​យប់។ ការ​ឆាប់​ទទួល​ទាន​អាហារ​ពេល​ល្ងាច នឹង​ផ្តល់​ឱ្យ​រាងកាយ​​ធ្វើការ​​បាន​​លឿន រហូត​ដល់​ព្រឹក​ថ្ងៃបន្ទាប់។

២.ទទួលទានទឹកឲ្យបានច្រើន៖ការ​​ផឹក​ទឹក​មួយ​កែវធំ​នៅ​ពេល​ព្រឹកក្រោយ​ពេល​ក្រោក​ពី​ដំណេក ជួយ​ផ្តល់ជាតិ​ទឹក​ឡើង​វិញ​ដល់​រាងកាយ និង​បណ្តេញ​​ជាតិ​​ពុល​ក្នុង​ខ្លួន។ ប៉ុន្តែ​មិនមែន​ផឹកតែ​មួយ​កែវ​ហ្នឹង​ទេ ត្រូវ​បន្ត​ផឹក​ពេញ​មួយ​ថ្ងៃ រហូត​ដល់​១លីត្រ​កន្លះ​ទៅ​២​លីត្រ។

៣.កុំទទួលទានមុនចូលដេក៖គប្បី​ចៀស​វាង​ទទួល​ទាន​មុន​ចូល​ដេក ព្រោះ​រាងកាយ​មិន​ត្រូវការ​ថាមពល​ទេ​មុន​ពេល​ចូល​ដេក។ មិន​ត្រូវ​ទទួល​ទាន​បាយ ឬ​អាហារ​សម្រន់​ផ្សេងៗ ដែល​ជាការ​ថែម​បន្ទុក​កាបូអ៊ីដ្រាត​ដល់​រាងកាយ​ទេ​មុន​ពេល​ចូល​ដេក ព្រោះ​រាង​កាយ​​នឹង​ស្តុក​​ទុក​​ថាមពល​ដែល​លើស​ទាំង​នោះ។

៤.កុំទទួល​ទាន​ផ្លែ​ឈើ​ជាមួយ​អាហារ៖ផ្លែ​ឈើ​ជា​អាហារ​ពេលព្រឹក ឬ​អាហារ​សម្រន់​ដ៏​ល្អ ប៉ុន្តែ​នៅ​ពេល​ទទួល​ទាន​ជាមួយ​អាហារ ធ្វើឱ្យ​វា​ឡើង​​ជាតិ​​ស្ករ​ដែល​ធ្វើឱ្យ​កើន​ឡើង​បន្ទុក​កាឡូរី។ លើស​ពី​នេះ ជាតិ​អាស៊ីដ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​រំលាយ​អាហារ​ក្នុង​ពោះ​វៀន​ធំ សម្រាប់​មនុស្ស​មួយ​ចំនួន។

៥.ដេក៦​ម៉ោង​កន្លះ ដល់​៨​ម៉ោង​ក្នុង​មួយ​យប់៖វា​មាន​សារសំខាន់​ណាស់ ដែល​ត្រូវ​ដេក​ឱ្យ​បាន​គ្រប់​គ្រាន់ ប៉ុន្តែ​មិនមែន​ដេក​ច្រើន​ពេក​នោះ​ទេ។ ការ​ទទួល​ទាន​ដំណេក ជួយ​រក្សា​រាងកាយ​ឱ្យ​មាន​សុខ​ភាព​ល្អ និង​មាន​តុល្យភាព ជួយ​គ្រប់គ្រង​ដំណើរការ​ដុតបំផ្លាញ​ថាមពល និង​ការឃ្លាន​អាហារ។

៦.ជ្រើសរើសប្រេងឆាដែលត្រឹមត្រូវ៖គួរជ្រើសប្រេង​ដែល​ចម្រាញ់​ចេញ​ពីគ្រាប់​ធញ្ញជាតិ ឬប្រេង​អូលីវ ដែល​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្កា-៣ ព្រោះ​វា​មាន​​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម។ ចៀស​វាង​ប្រើប្រាស់​ប្រេងឆា​ដែល​ចម្រាញ់​ពីដូង​ប្រេង (Palm Oil) ព្រោះ​វា​សម្បូរ​​ដោយ​​ខ្លាញ់​​មិន​រលាយ និង​ប្រេង​ឈូករ័ត្ន (Sunflower Oil) ដែល​ភាគ​ច្រើន​ផលិត​ពីអូមេហ្កា-៦៕អត្ថបទដោយ៖ អ៊ាង សុផល្លែត